(ភ្នំពេញ)៖ សមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (ស.វ.ស.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីទីប្រឹក្សាគម្រោង និងអាជីពវិស្វករក្នុងវិស័យសំណង់ នៅកម្ពុជា» ក្រោមអធិបតីភាពលោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំនៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា ថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគម ស.វ.ស.ស.ក និងភ្ញៀវកិត្តិយសពីសំណាក់សាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជនក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ រួមជាមួយនិស្សិតផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៉ីវិល វិស្វកម្មអគ្គិសនី និងទឹក សរុបចំនួន ៣០០នាក់ ។
លោក សេង ប៊ុនវីរៈ ប្រធានសមាគម ស.វ.ស.ស.ក បានថ្លែងស្វាគមន៍ក្នុងកម្មវិធី ដោយបានកោតសរសើរដល់ក្រុមការងាររៀបចំកម្មវិធីចំពោះកិច្ចខិតខំប្រឹងប្រែង និងបានថ្លែងអំណរគុណដល់គណៈអធិបតីលោក លោកស្រីជាវាគ្មិន សាស្ត្រាចារ្យ និងវិស្វករអាជីព ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើជាគ្រូឧទ្ទេស និងវាគ្មិន។ លើសពីនេះទៀតសោត លោកបានលើកទឹកចិត្តដល់និស្សិត យកចិត្តទុកក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីគណៈអធិបតី គ្រូឧទ្ទេស និងវាគ្មិនផងដែរ។
លោក ហង្ស សុតសំភារ បានថ្លែងសុន្ទរកថាគន្លឹះដោយបានបង្ហាញពីការរីកចម្រើន ក្នុងវិស័យសំណង់នៅកម្ពុជា ទំនើបកម្មស្ថាប័ន និងលើកទឹកចិត្តនិស្សិត ដែលបានចូលរួមសិក្ខាសាលាយកចិត្តទុកដាក់ និងកត់ត្រាចំនុចសំខាន់ៗ ពីបទបង្ហាញរបស់គ្រូឧទ្ទេស និងវាគ្មិន និងបានកោតសរសើរចំពោះសមាគម ស.វ.ស.ស.ក ដែលបានរៀបចំកម្មវិធីសិក្ខាសាលាដ៏មានសារប្រយោជន៍នេះឡើង ក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗជាក់ស្តែងជូនដល់ក្មួយៗនិស្សិត។
សូមជម្រាបថា សិក្ខាសាលានេះបានផ្តល់ជា២វគ្គ ដូចខាងក្រោម៖ វគ្គទី១- ធ្វើបទបង្ហាញដោយ លោក ឡាយ ហ្សានឹត អគ្គនាយក ក្រុមហ៊ុន ស្លេបឆេក ខនសាល់ធេន ឯ.ក លើប្រធានបទ «តើអ្វីជាការប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងគម្រោង (PMC) តួនាទី និងសារសំខាន់អ្វីខ្លះក្នុងវិស័យសាងសង់ក្នុងប្រទេសកម្ពុជា» និងបទបង្ហាញដោយ លោក ប៉ុល លីកាតូ អគ្គនាយក ក្រុមហ៊ុន កាតូ អ៊ី ស៊ី (ខេមបូឌា) ឯ.ក លើប្រធានបទ «ដំណើរការនៃការសាងសង់គ្រឿងបង្គុំអំពីដែក», វគ្គទី២- វេទិកាពិភាក្សាលើប្រធានបទ «អាជីពវិស្វករក្នុងវិស័យសំណង់នៅកម្ពុជា» ដោយមានលោកបណ្ឌិតវិស្វកម្ម ឃី គឹមឡេង ជាអ្នកសម្របសម្រួល និងវាគ្មិន ដោយលោក លាង វាសនា អគ្គនាយកក្រុមហ៊ុន V2 Build D.E.C លោក ប្រុស ពិសិដ្ឋ នាយកក្រុមហ៊ុន ESD MEP Consultant Service លោក ឡាយ ហ្សានឹត និងលោក ប៉ុល លីកាតូ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
១. លើកកម្ពស់និងចែករំលែកចំណេះដឹង បទពិសោធន៍ ដល់ និស្សិត ស្ថាបត្យករ និង វិស្វករវ័យក្មេងលើជំនាញជាទីប្រឹក្សាគ្រប់គ្រងគម្រោងសំណង់ ដែលមានស្តង់ដាស្របតាមស្តង់ដា ប្រទេសសិង្ហបុរី និងកម្ពុជា និងអាជីពជាវិស្វករ។
២. លើកកម្ពស់ការចូលរួមរបស់ស្ថាបត្យករ និងវិស្វករវ័យក្មេង ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងដំណើរការអភិវឌ្ឍវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជា។
៣. ផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស្វករ ស្ថាបត្យកជើងចាស់ ជាមួយវិស្វករ ស្ថាបត្យករវ័យក្មេង ដើម្បីបន្តចែករំលែកចំណេះដឹង បទពិសោធន៍ និង ឱកាសការងារក្នុងវិស័យសំណង់និងស្ថាបត្យកម្មនៅកម្ពុជា។
នាចុងបញ្ចប់នៃសិក្ខាសាលា ក៏មានការប្រគល់លិខិតសរសើរ និងថតរូបជាក្រុមជាមួយប្អូនៗ និស្សិតទាំងអស់ ជាអនុស្សាវរីយផងដែរ៕