(ភ្នំពេញ)៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ជាទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។ ទិវាមនុស្សចាស់ឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ៖ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។
ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធ ភាព សំដៅលើកស្ទួយសុខុមាល ភាពរបស់ មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញ ពីតួនាទីដ៏សំខាន់ របស់ មនុស្ស វ័យចាស់ បុព្វការីជនដែល បានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំង ផ្តល់ នូវចំណេះ ដឹង ចំណេះ ធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្ស ជំនាន់ ក្រោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈ របស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុំ ពូ មីង ដែលបាន កសាង និងបន្សល់ទុកនូវកេរមរតកដ៏ ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
ក្នុងទិវានៃការគោរពដឹងគុណដល់មនុស្សចាស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់។
ការអំពាវនាវរបស់សម្តេចធិបតី មានដូចខាងក្រោម៖
១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់និងគាំទ្រ តាមគ្រប់មធ្យោបាយដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង។
២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយនៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍។
៣៖ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា សូមជួយបង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរាមានជំងឺក្រីក្រគ្មានទីពឹង។
៤៖ កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុ និងទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារ ថវិកា បច្ចេកទេសសម្រាប់ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាននិងកំពុងជួបប្រទះ ការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
៥៖ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសូមបន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំសីលធម៌ និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបឱ្យចេះគោរពព្រឹទ្ធាចារ្យនិងចេះថែទាំ មនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរយើង។
៦៖ គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូនចៅ និងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។
៧៖ សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ជាពិសេសនៅទីវត្តអារាមវិហារសាសនាដែលអាចជួយផ្ដល់ជាទីជម្រក ឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន។
៨៖ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្នាដៃ និងសមិទ្ធផលនានាដែលមនុស្សវ័យចាស់បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានាដែលបង្ហាញអំពីការយកចិត្តទុកដាក់ និងលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់នៅក្នុងសង្គមកម្ពុជាយើង៕