(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្ដល់ការយកចិត្តទុកដាក់លើមនុស្សចាស់ជាអាទិភាពមួយច ក្នុងចំណោមគោលនយោបាយអាទិភាពផ្សេងៗទៀត។
ឈរលើស្មារតីយកចិត្តទុកដាក់លើមនុស្សចាស់រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់នៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ផងដែរ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យ សង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» និងក្នុងមុំទី៤ «ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។
ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន ៤ គឺ៖ ១៖ ចីរភាព នៃកម្មវិធី, ២៖ លទ្ធភាពអាចទ្រទ្រង់បាន នៃថវិកាជាតិ ៣៖ ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយ រងគ្រោះ និងងាយរងហានិភ័យ និង៤៖ ភាពអាចពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់ និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍ និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងសូមកោតសរសើរចំពោះកាកបាទក្រហម កម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាព គាំទ្រប្រកបដោយមនុស្សធម៌ និងសាមគ្គីធម៌ចំពោះមនុស្សវ័យចាស់នៅតាមសហគមន៍នានា
សម្ដេចបន្ថែមទៀតថា អំពើល្អ និងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរា គឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃដែលបានធ្វើចំពោះមនុស្សជំនាន់មុន គឺពិតជាបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាម ដែលយើងនឹងបានទទួលនូវភាពកក់ក្ដៅពោរពេញដោយក្តីសង្ឃឹមនិងជឿជាក់ថា ទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ៕