(ភ្នំពេញ)៖ កម្មការិនីបម្រើការងារនៅតាមរោងចក្រមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានមើលឃើញថា ការ​បន្ថែម​ប្រាក់ឈ្នួល៤ដុល្លារសម្រាប់ឆ្នាំ២០២៤ គឺមិនច្រើននោះទេ ប៉ុន្តែជារឿងមួយដ៏ប្រសើរសម្រាប់ពួកគេក្នុង​គ្រា​ដែលពិភពលោករួមទាំងកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល។

បន្ទាប់ពីការជជែកគ្នាអស់រយៈពេល២០លើក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ បានរកឃើញ​ហើយ​​ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត​ផលធ្វើដំណើរ និងកាបូបក្នុងឆ្នាំ២០២៤។ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារអាម៉េរិក​ក្នុង​មួយខែ។ ក្នុងនោះ២ដុល្លារជាការព្រមព្រៀងរវាងភាគីថៅកែ និងភាគីកម្មករ និយោជិត ហើយ២ដុល្លារ​ទៀត ជាការផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កម្មការិនីដែលកំពុងបម្រើការងារនៅតាមរោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្ត​ចំពោះ​លទ្ធផលនៃការចរចាប្រាក់ឈ្នួលនេះ។ ពួកគេយល់ថា ការបន្ថែម៤ដុល្លារវាមិនច្រើននោះឡើយ ក៏ប៉ុន្តែក្នុងពេល​ដែល​ពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចការដំឡើងបានប្រាក់ឈ្នួលនេះ ជារឿងមួយដ៏ប្រសើរ។

កម្មការិនីឈ្មោះ ទូច ស្រីនិច កំពុងបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ហ្គ័នយ៉ាងលេបឹល បាន​បង្ហាញ​​ការពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលនេះ។ សម្រាប់ ទូច ស្រីនិច ការមានការងារធ្វើក្នុងពេល​បច្ចុ​ប្បន្ន គឺជារឿងសំខាន់សម្រាប់រូបគេនាពេលបច្ចុប្បន្ន។ ស្រីនិច មិនចង់បានការឡើងប្រាក់ឈ្នួលច្រើន ហើយ​បែរជារោងចក្រត្រូវបិទទ្វារនោះឡើយ។

ស្រីនិច បានបញ្ជាក់ដូច្នេះ «មិនមែនមិនចង់បានលើសហ្នឹងទេ ចង់បានដែរ តែខ្លាចយើងចង់បាន​លើសហ្នឹង​ថៅកែ​បិទទ្វាររោងចក្រ អត់មានការងារធ្វើ»។

កម្មការិនីពីររូបទៀត កំពុងបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់សួនកាណាឌីយ៉ាឈ្មោះយីងយី ក៏យល់ឃើញប្រហាក់ប្រហែលនឹងកម្មការិនី ស្រីនិច ផងដែរ។ កញ្ញា ចន្ធូ និងកញ្ញា ចំប៉ា បានយល់ឃើញថា ការដំឡើងបានប្រាក់ឈ្នួល៤ដុល្លារបន្ថែមនៅឆ្នាំ២០២៤ គឺជារឿងប្រសើរមួយ។ ពួកគេនឹងកើនប្រាក់ឈ្នួល​ជាង​ពេលបច្ចុប្បន្ន នៅពេលមានការថែមម៉ោង។ ចន្ធូ និង ចំប៉ា ក៏មើលឃើញដែរថា ក្នុងស្ថានភាពបច្ចុប្បន្ន​ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលខ្ពស់ មិនមែនជារឿងល្អនោះឡើយ។

ការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ជារឿងមួយដ៏តាន់តឹងបំផុត។ ដើមឡើយភាគីថៅកែរោងចក្រមាន​បំណងដំឡើងត្រឹមតែ១ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជាពិសេសការជំរុញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបធ្វើឱ្យភាគីថៅកែរោងចក្រព្រម​ដំឡើង​ដល់ ២ដុល្លារ។ ការដំឡើង២ដុល្លារ សម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា ជាចំនួនមួយតិចតួច​សម្រាប់កម្មករ និយោជិត អាស្រ័យហេតុនេះសម្តេចក៏បន្ថែម២ដុល្លារទៀត។

កម្មការិនី បានមើលឃើញថា ការតស៊ូជជែកក្នុងការដំឡើងប្រាក់ឈ្នួល និងការបន្ថែមប្រាក់ឈ្នួល​ពីសំណាក់​សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាការស្តែងឱ្យឃើញនូវ​មនោសញ្ចេតនា និងការគិតគូរខ្ពស់របស់សម្តេចធិបតី ទៅលើសុខទុក្ខរបស់កម្មករ និយោជិត និងការចង់ឱ្យជីវភាពរបស់ពួកគេបានល្អប្រសើរ។

បើទោះបីបានបង្ហាញការពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួលដល់២០៤ដុល្លារក្នុងឆ្នាំ២០២៤យ៉ាងណាក្តី តែកម្មការិនីខាងលើនេះ ក៏បានសំណូមដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយដាក់ចេញវិធានការនានាជួបទប់​ស្កាត់កុំឱ្យមានការដំឡើងថ្លៃឈ្នួលបន្ទប់ដែលពួកគេជួលស្នាក់នៅ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក​ជើង និងផលិត ផលធ្វើដំណើរ និងកាបូបមានចំនួន១,៣៣២ និងមានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺន​នាក់ ផ្តល់ចំណូល ប្រចាំឆ្នាំជិត ៣ពាន់លានដុល្លារ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការដំឡើងប្រាក់ឈ្នួល​នា​ពេល​នេះ ធ្វើឱ្យ​កម្ពុជា ក្លាយទៅជាប្រទេសនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈ​ផ្សេងៗ​​តែមួយគត់ ដែលបានដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត។

លោក ហេង សួរ បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗចូលគ្នា ដោយមិនគិតអំពីការថែមម៉ោង កម្មករ និយោជិតអាចទទួលបានចន្លោះពី ២២១ដុល្លារ ទៅ ២៣២ដុល្លារក្នុង ១ខែ។

របាយការណ៍ពីអង្គការផ្នែកការងារ បានបង្ហាញថា ឆ្នាំ២០២៣ ប្រាក់ឈ្នួលនៅកម្ពុជា ខ្ពស់ជាងប្រទេសចំនួន៥​នៅ​តំបន់អាស៊ីនេះ រួមមានប្រទេសវៀតណាម មានប្រាក់ឈ្នួលចន្លោះពី ១៣៨​​ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេស​ស្រីលង្ការ ៣៩ដុល្លារ, ប្រទេសបង់ក្លាដែស ៧៤ដុល្លារ, ប្រទេសឡាវ ៧៥ដុល្លារ និងប្រទេសមីយ៉ាន់​ម៉ា ៦៩ដុល្លារ៕