(ពោធិ៍សាត់)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្ដីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យផ្លូវចំនួន២ខ្សែ និងស្ពាន១កន្លែង នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ព្រមទាំងបានណែនាំឱ្យមានការជួសជុលនៅពេលទឹកស្រកវិញ។

ផ្លូវនិងស្ពានទាំង៣កន្លែងនោះ រួមមាន៖

* ខ្សែផ្លូវទី១ គឺផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន១ខ្សែ មានប្រវែង១២.៤គីឡូម៉ែត្រ តភ្ជាប់ពីភូមិកណ្តៀង ឃុំកណ្តៀង ទៅភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ត្រូវជំនន់ទឹកភ្លៀងហូរកាត់ខូចខាតអស់ប្រវែងប្រមាណ២០០ម៉ែត្រ។

* ខ្សែផ្លូវទី២ គឺផ្លូវកៅក្រួសក្រហម១ខ្សែ ប្រវែង៩.៣គីឡូម៉ែត្រ (ជាផ្លូវក្រវាត់ក្រុង) តភ្ជាប់ពីភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្តៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ត្រូវជំនន់ទឹកភ្លៀងហូរកាត់ចំនួន៣កន្លែង ខូចអស់ប្រវែងសរុបប្រមាណ១,៨០០ម៉ែត្រ។

* ស្ពាន១កន្លែង ប្រវែង៨៤ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្តី ឃុំកណ្តៀង ទៅភូមិព្រែកឈើត្រាវ ឃុំអន្លង់វិល ស្រុកកណ្តៀង ត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែង៤០ម៉ែត្រ កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បច្ចុប្បន្នមិនអាចចរាចរណ៍បានឡើយ។

សូមបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ ផ្លូវជនបទដែលបានលិចលង់ដោយជំនន់ទឹកភ្លៀងមានចំនួន២៥ខ្សែ ស្មើនឹងប្រវែង២៦៨គីឡូម៉ែត្រ ក្នុងនោះផ្លូវដែលត្រូវលិចលង់ទាំងស្រុងមានចំនួន៣៨គីឡូម៉ែត្រ។

លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋ ដើម្បីអាចឆ្លងកាត់ជាបណ្ដោះអាសន្ននៅពេលទឹកស្រកទៅវិញ៕