(ពោធិ៍សាត់)៖ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា តំណាងឲ្យលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានចាប់ផ្តើមនាំយកអំណោយសង្គ្រោះបន្ទាន់ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ នៅឃុំស្វាយលួង ឃុំកណ្ដៀង និងឃុំអន្លង់វិល ស្រុកកណ្តៀង ចំនួន២០០គ្រួសារ ដែល ទទួលបានអង្ករ២០គីឡូក្រាមក្នុងមួយគ្រួសារៗ។ នៅថ្ងៃស្អែកទី ១ តុលា លោកនឹងដឹកនាំក្រុមការងារបន្តចែកជូនជាបន្តនៅតាមបណ្តាឃុំ សង្កាត់រងគ្រោះ ស្រុក កណ្ដៀង និងក្រុងពោធិសាត់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់។ ទោះបីជាពេលនេះ លោកប្រធានក្រុមការងារចុះជួយខេត្ត កំពុងជាប់បំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ ក៏លោកតែងតែគិតគូរជានិច្ច ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចនៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលជួបការលំបាក និងប្រឈមធ្ងន់ធ្ងរនាពេលនេះ ចំនួនជាង ១០០០ គ្រួសារ ក្នុងស្រុក កណ្ដៀង និងក្រុងពោធិសាត់។
លោកក៏សូមអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងយុវជន ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នេះ និងបានអន្តរាគមន៍ជួយសម្រួលរក ទីទួលសុវត្ថិភាពជូនពួកគាត់បានសមរម្យ។ លោកបានលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាម ដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វឡើងវិញ បន្ទាប់ពីទឹកស្រកចុះនាពេលឆាប់ៗនេះ។
ជាមួយគ្នានោះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានជម្រាបជូននៅពេលគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថាបនាបានរួចរាល់ដែលគ្រោងនៅឆ្នាំ ២០២៦ នោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានហានីភ័យដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ដូចរាល់ឆ្នាំ នឹងកាត់បន្ថយបានច្រើនផងដែរ។
លោកបណ្ឌិត ប្រាំង ជលសា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាព ដោយអនុវត្តន៍នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាប់ជាប្រចាំ និងបន្តបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ៕