(បាត់ដំបង)៖ ក្រុមគ្រូពេទ្យសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម បានសហការជាមួយក្រុមគ្រូពេទ្យសមាគមពិភពលោក នៃក្ដីមេត្តា នៃរដ្ឋកូវ៉ែត បានចុះពិនិត្យព្យាបាលជំងឺកុមារ និងប្រជាពលដ្ឋប្រមាណជិត១ពាន់នាក់ នៅឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឥតគិតថ្លៃ។
ក្នុងពិធី នៃគម្រោងសេវាលើកកម្ពស់សុខភាពសហគមន៍កម្ពុជានេះ មានការចូលរួមពីលោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង លោក Nosr Hasan Abu Jwaid តំណាងសមាគមពិភពលោក នៃក្តីមេត្តា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការពិនិត្យព្យាបាលជំងឺនេះ ធ្វើសម្រាប់ប្រជាពលរដ្ឋទូទៅ មិនមានការរើសអើងជាតិសាសន៍ ដែលនេះបានបង្ហាញ ពីការខិតខំ និងគិតគូររបស់រាជរដ្ឋាភិបាល លើការងារសុខមាលភាពសង្គម តាមរយៈអនុញ្ញាតឲ្យអង្គការសមាគមជាតិ និងអន្តរជាតិ បានចូលរួមក្នុងវិស័យលើកកម្ពស់សុខភាពរបស់ពលរដ្ឋ។
លោកបានបន្តថា សម្រាប់សកម្មភាពជួយពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋនេះ បានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ នៅទូទាំងប្រទេស ដោយមានការអនុញ្ញាត និងជួយសម្របសម្រួលបានយ៉ាងល្អ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាដៃគូពាក់ព័ន្ធនានា។
សមាជិករដ្ឋសភារូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្នុងកាអនុញ្ញាតឲ្យអង្គការសមាគម ឬម្ចាស់ជំនួយនានា ជាសាសនិកឥស្លាមចូលរួមលើការងារផ្សេងៗនៅប្រទេសកម្ពុជា ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ពលរដ្ឋ។
ជាមួយគ្នានេះ លោក រ៉ូហ្វី អូស្មាន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសង្កែ សូមជឿជាក់លើការងារដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មី ថាសម្ដេចនឹងដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ បានល្អប្រសើរ អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន រួមទាំងការថែរក្សានូវសុខសន្តិភាព ធ្វើឲ្យពលរដ្ឋបន្តរស់នៅដោយសុខដុមរមណីយកម្ម។
គួរបញ្ជាក់ថា បន្ទាប់ពីចូលរួមពិធីពិនិត្យព្យាបាលជំងឺដល់កុមារ និងប្រជាពលរដ្ឋរួច លោក រ៉ូហ្វី អូស្មាន ក៏បានអញ្ជើញចែកអំណោយ និងសម្ភារសិក្សាដល់សិស្សក្រីក្រផងដែរ៕