Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកការពិភាក្សាជាមួយលោក Putin និងមេដឹកនាំលោកខាងលិច ខណៈមានភាពតានតឹង

12-08-2016 08:27

(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko​ បានឲ្យដឹងថា លោកចង់និយាយដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមេដឹកនាំមួយចំនួនទៀត ខណៈភាពតានតឹងកំពុងកើនឡើង រវាងរដ្ឋាភិបាលទីក្រុង Kiev និង Moscow។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់ទីក្រុង Kiev កាលពីថ្ងៃម្សិលមិញថា បានប្រើប្រាស់យុទ្ធវិធីភេរវកម្ម ដើម្បីព្យាយាមបង្កភាពអស្ថេរភាព នៅឧបទ្វីប Crimea ដែលរដ្ឋាភិបាលទីក្រុង Moscow បានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន ចេញពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។

លោក Poroshenko បានឲ្យដឹងថា លោកបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសរបស់លោក ​រៀបចំឲ្យមានការ​សន្ទនាតាមទូរស័ព្ទ ជាមួយនឹងលោក Putin និងក្រុមមេដឹកនាំ ប្រទេសអាល្លឺម៉ង់ និងបារាំង, អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk៕