(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣​ បានចូលរួមជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។​ ពិធីនេះបានប្រព្រឹត្ដទៅនៅខេត្ដកំពង់ឆ្នាំង។

បន្ទាប់ពីពិធីបើកយុទ្ធនាការនេះហើយ ក៏មានការចុះអនុស្សរណៈយោគយល់រវាងកាកបាទក្រហមកម្ពុជា ជាមួយក្រសួងបរិស្ថាន និងការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកណ្តាលផងដែរ ។

ពិធីខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន, លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា, លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, រដ្ឋបាលខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កណ្តាល គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស និងគណៈកម្មាធិការសាខា និងយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សរុបប្រមាណជាង ១១,០០០នាក់។

ការប្រារព្ធពិធីនេះដែរក៏ស្របពេលដែលបណ្តាស្រុកទាំង៧ នៃខេត្តកំពង់ឆ្នាំង និងនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងខេត្ត ក៏បានបើកយុទ្ធនាការនេះក្នុងពេលតែមួយព្រមៗគ្នា ដោយមានអ្នកចូលរួមសរុបចំនួន ១២៣,៤៧៣នាក់ ដើម្បីដាស់អារម្មណ៍ និងទាញការយកចិត្តទុកដាក់ពីពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អ របស់មនុស្សជាតិ សត្វ និងធម្មជាតិជុំវិញខ្លួន ដែលត្រូវការចាំបាច់ណាស់នូវបរិស្ថានល្អ ពុំមានថង់ប្លាស្ទិក។

ក្នុងឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ,លោកបណ្ឌិតរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ-មន្ត្រី នៃក្រសួងបរិស្ថាន ដែលបានរៀបចំឱ្យមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះឡើង ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា រៀងមក ដើម្បីបំផុសការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស ដោយចាប់ផ្តើមជាបឋម ពីការជំរុញ កម្មករ កម្មការិនី យុវជន និងសិស្សានុសិស្ស ឱ្យចូលរួមអនុវត្ត។

«យុទ្ធនាការនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពី ឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជាតិ ទូទាំងសកលលោក ក្នុងការកាត់បន្ថយការបំពុលបង្កដោយប្លាស្ទិក»

លោកស្រីបន្ដថា ដបប្លាស្ទិកមួយនឹងរលាយដោយឯកឯង ក្នុងរយៈពេល ៤៥០ឆ្នាំ ដូចនេះ ជាតិពុល នឹងនៅក្នុងបរិស្ថានជុំវិញខ្លួនយើងរាប់ជំនាន់របស់មនុស្សជាតិ។

លោកស្រីក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធក្នុងខេត្ត, សាខា-អនុសាខា កាកបាទក្រហមកម្ពុជា និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងសិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា នៅតាមក្រុង/ស្រុក ទាំង៨ ដែលបានចូលរួមសហការ បើកយុទ្ធនាការព្រឹកនេះ ក្នុងពេលតែមួយ ព្រមៗគ្នា ដើម្បីដាស់អារម្មណ៍ និងទាញការយកចិត្តទុកដាក់ពីពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អ របស់មនុស្សជាតិ សត្វ និង ធម្មជាតិជុំវិញខ្លួន ដែលត្រូវការចាំបាច់ណាស់នូវបរិស្ថានល្អ ពុំមានថង់ប្លាស្ទិក។

លោកស្រីបានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការចុះអនុស្សរណៈយោគយល់រវាង ក្រសួងបរិស្ថាន និង កាកបាទក្រហមកម្ពុជា រួមជាមួយអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកណ្តាល ដែលនេះ គឺជាជំហានថ្មីមួយទៀត ក្នុងការធ្វើឱ្យស្មារតីនៃយុទ្ធនាការនេះ ស្ថិតនៅក្នុងការចងចាំ និងអនុវត្តដូចភ្លៀងរលឹម។

លោកស្រីបានគួសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូន រាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ ពិតជាមានកាតព្វកិច្ច ចាំបាច់ណាស់ ត្រូវតែចូលរួមកម្លាំងសហការ និងពង្រឹងសាមគ្គីភាព ជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ក្នុងការងារលើកកម្ពស់បរិស្ថាន លើកកម្ពស់ការរស់នៅស្អាត មានខ្យល់អាកាសល្អបរិសុទ្ធ ដើម្បីសុខុមាលភាពមនុស្សជាតិ, និយាយជារួម, និងដោយឡែក គឺ ដើម្បីសុខភាពល្អរបស់យើងម្នាក់ៗ របស់គ្រួសារនីមួយៗ និងសង្គមជាតិទាំងមូល ដើម្បីកម្ពុជា អាចក្លាយជាប្រទេសមួយ មានពលរដ្ឋប្រកបដោយសុខភាព ល្អប្រសើរ មានអាយុយឺនយូរ រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។

ជាមួយនឹងអនុស្សរណៈ ដែលនឹងចុះហត្ថលេខាក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី ម៉ែន នារីសោភ័គ បានអំពាវនាវដល់ សាខា អនុសាខា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី-ខេត្ត សូមចូលរួមអនុវត្ត, ផ្សព្វផ្សាយបន្ត និងធ្វើជាគំរូ ក្នុងសកម្មភាពមិត្តអប់រំមិត្ត លើកកម្ពស់ការចូលរួមទាំងអស់គ្នា តាមពាក្យស្លោក កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។

លោកស្រីក៏សូមឧទ្ទិស យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឱ្យស្ថិតនៅក្នុងបេះដូងយើងទាំងអស់គ្នា ហើយបំពេញកាតព្វកិច្ចពលរដ្ឋល្អ រស់នៅក្នុងបរិស្ថានល្អ អនុវត្តការកាត់បន្ថយការប្រើថង់ប្លាស្ទិក ចូលរួមដាំដើមឈើ ស្រឡាញ់ ថែរក្សាធម្មជាតិ ដើម្បីជីវិតមនុស្ស សត្វ រុក្ខជាតិ និង ការពារភពផែនដីឱ្យចាកផុតពីគ្រោះមហន្តរាយនានា ដែលបង្កដោយការប្រែប្រួលអាកាសធាតុ។

សូមជម្រាបថា នាឱកាសនោះដែរ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានឱ្យដឹងថា ការប្រើប្រាស់សម្ភារៈប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់សម្ភារប្លាស្ទិកប្រមាណ ៩,៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកត្រូវបានបោះចោលហើយមានតែប្រមាណ៩% នៃបរិមាណសំណល់ប្លាស្ទិក សរុបលើពិភពលោកប៉ុណ្ណោះ ដែលបានយកមកកែច្នៃផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១%ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុង ប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង ៨លានតោនក្នុង១ឆ្នាំ។

ការបង្កើតសំណល់ប្លាស្ទិកក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការគ្រប់គ្រងនៅមានកម្រិតបានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា៖ ការបំពុលខ្យល់ការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដោយការដុត សំណល់ប្លាស្ទិកការប៉ះពាល់សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិក ក្នុងប្រភពទឹកសាធារណៈ និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះ ពីសំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហាសមុទ្រ៕