(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមចំនួន៣២នាក់ ដែលបានបញ្ចប់ការសិក្សាវគ្គ សរសេរព័ត៌មាន ជំនាន់៥ ដោយជោគជ័យ។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ។

ការសិក្សាជំនាញសរសេរព័ត៌មាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ផ្ដោតសំខាន់ទៅលើការសរសេរព័ត៌មានក្ដៅ បទយកការណ៍ និងបទអត្ថាធិប្បាយ រួមទាំងការបង្ហាញអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ។ សិក្ខាកាមដែលបញ្ចប់ការសិក្សាវគ្គនេះ អាចមានសមត្ថភាពក្នុងការសរសេរព័ត៌មានក្ដៅ យល់ច្បាស់ពីការជ្រើសរើសមុំព័ត៌មាន និងធ្វើឲ្យព័ត៌មានសរសេរទៅមានគ្រប់ភាគីពាក់ព័ន្ធនៃព័ត៌មាន ដែលបញ្ចាក់អំពីភាពចាំបាច់នៃព័ត៌មាន និងការគោរពនូវវិជ្ជាជីវៈ។

សូមបញ្ចាក់ផងដែរថា លោក ម៉ារ យ៉ារិទ្ធិ មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត ៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ។

បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលចំនួន៣កម្មវិធី ដោយនៅក្នុងនោះរួមមាន ថ្នាក់សរសេរព័ត៌មាន ថ្នាក់ព័ត៌មានសេដ្ឋកិច្ច និងជំនួញ និងថ្នាក់ថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម៕