(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម រួមនឹងភាគីពាក់ព័ន្ធ បានប្រជុំពិគ្រោះលើសេចក្តីព្រាង «របាយការណ៍លទ្ធផលនៃការវាយតម្លៃយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ» ដើម្បីកែលម្អ និងធ្វើឱ្យប្រសើរឡើងសម្រាប់យន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជាឱ្យភាពគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំពិគ្រោះលើសេចក្តីព្រាង «របាយការណ៍លទ្ធផលនៃការវាយតម្លៃយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ» បានដឹកនាំដោយ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធធ្វើការពិនិត្យ និងផ្តល់ធាតុចូលទៅលើលទ្ធផលនៃការសិក្សា និង វាយតម្លៃ ដែលបានធ្វើឡើងនាពេលកន្លងមក ក៏ដូចជាអនុសាន៍នានាពាក់ព័ន្ធសម្រាប់បន្តកែលម្អ និងធ្វើឱ្យប្រសើរឡើងសម្រាប់យន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ។
ការវាយតម្លៃនេះត្រូវបានធ្វើឡើងស្របតាមក្របខណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃប្រព័ន្ធគាំពារសង្គម ដែលកំណត់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីធានាបាននូវមូលដ្ឋានទិន្នន័យដែលមានសុពលភាព និងសុក្រឹត្យភាព សម្រាប់ប្រើប្រាស់ក្នុងការរៀបចំ និង ផ្តល់អន្តរាគមន៍ជំនួយសង្គម និងសេវាសង្គមនានា ជូនដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាពិសេសសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយជាអាទិភាពពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។
លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងក្នុងកិច្ចប្រជុំនេះថា តាមរយៈបទពិសោធន៍នៃអនុវត្តកម្មវិធីជំនួយសង្គម រាជរដ្ឋាភិបាលបានទទួលស្គាល់អំពីសារៈសំខាន់នៃយន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដែលផ្តល់មូលដ្ឋានទិន្នន័យ ដែលមានសុពលភាព និងអាចជឿទុកចិត្តបាន សម្រាប់ការអនុវត្តកម្មវិធីជំនួយសង្គម ដែលមានស្រាប់ និងកម្មវិធីគ្រោងនឹងដាក់ឱ្យអនុវត្តនានា ហើយការបន្តកែលម្អយន្តការ កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានចាំបាច់បំផុត ដើម្បីឱ្យយន្តការនេះអាចបំពេញ តួនាទីជាប្រព័ន្ធចុះបញ្ជីសង្គមមួយដែលមានភាពគ្រប់ជ្រុងជ្រោយ។
លោកបន្តថា ដោយផ្អែកលើមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនាពេលកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំនួយសង្គមជាបន្តបន្ទាប់ ក្នុងគោលបំណងជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ រួមមានកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគេ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានអនុវត្តរយៈពេលជាង ៣ ឆ្នាំ រួចមក ដោយប្រើប្រាស់ថវិកាជាតិចំនួន ១ ១៥០ លានដុល្លារអាមេរិក, និងកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា និង គ្រោះទឹកជំនន់។
លោកបន្តថា បន្ថែមលើការឧបត្ថម្ភសាច់ប្រាក់ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានចក្ខុវិស័យវែងឆ្ងាយ និងគិតគូរដាក់ឱ្យអនុវត្តយន្តការ និងកម្មវិធីជំនួយសង្គមសំខាន់ៗរួមមាន៖ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងបញ្ចប់គ្រួសារ, កម្មវិធីជាតិជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលជាការស្ថាបនូបនីយកម្ម, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណ ១,៥ លាននាក់ និងការពង្រីកវិសាលភាពគ្របដណ្តប់មូលនិធិសមធម៌សុខាភិបាល ជូនដល់គ្រួសារងាយរងហានិភ័យ។
សូមជម្រាបថា ការសិក្សា និង វាយតម្លៃយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានធ្វើឡើងក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិនិត្យអំពីវឌ្ឍនភាព និង កត្តាប្រឈមក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ បើទោះជាយន្តការនេះត្រូវបានតាមដានកែសម្រួលឱ្យកាន់តែប្រសើរជាបន្តបន្ទាប់ក្តី៕