(កំពង់ស្ពឺ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវស៉ើបអង្កេត ឈានដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ជាមួយថ្នាំញៀនជាង ២គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។

មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកញ្ញានេះថា អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០៥នាទី ដោយមានការដឹកនាំ និងសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងនៅកន្លែងចំនួន ២ផ្សេងៗគ្នា នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង និងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ឈ្មោះ សៀង នាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៨, ឈ្មោះ ញ៉េន លឿម ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មៅ ថ្ងៃខែឆ្នាំកំណើត ១៩៨០ និងឈ្មោះ ទៀង ណាវីន ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៩ ជាមួយនឹងថ្នាំមេតំហ្វេតាមីន (ICE) ទម្ងន់ ២៣៣៦ក្រាម (២គីឡូ ៣៣៦ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ក្រោយពេលចូលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀនបោសសម្អាត ឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ត្រូវចុះបង្ក្រាបតាមបណ្ដាខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀននេះ៕