(រតនគិរី)៖ ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរយើងនៅទូទាំងប្រទេស ប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅតាមបណ្តាវត្តនានា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំខេត្តរតនគិរី បានអញ្ជើញចូលរួមសូត្រមន្តកាន់ បិណ្ឌវេនទី១ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅទីអារាមវត្តឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោមវត្តមានរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី រួមទាំងសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តនិងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
ពិធីសូត្រមន្តប្រព្រឹត្តទៅនៅល្ងាចថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួមមាន ការថ្វាយគ្រឿងគោរពបូជាព្រះពុទ្ធរូប សូត្រមន្តចម្រើនព្រះបរិត្ត និងនិមន្តព្រះសង្ឃសម្តែងព្រះធម៌វិសេសទេសនា។
លុះព្រឹកឡើងថ្ងៃ១រោចត្រូវនឹងថ្ងៃទី៣០ ខែឆ្នាំដដែល លោកអភិបាលខេត្ត រួមនិងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករមានសទ្ធាជ្រះថ្លាជំនឿជឿជាក់លើព្រះពុទ្ធសាសនានាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្លរ នំចំណីគ្រប់មុខ រាប់បាត្រប្រគេនព្រះសង្ឃក្នុងទីអារាមខាងលើ ដើម្បីវេរដារឆ្លងឧទ្ទិសផល្លាអានិសង្ឃជូនដល់អស់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តានជាពិសេសដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកបានបែកកាយរំលាយខន្ធទៅកាន់បរលោកទៅហើយនោះ,ព្រមទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ សូមមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងវេនទី១នេះ ។
ដោយអំណាចផល្លាអានិសង្ឃនេះសូមជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណរួចចាកផុតពីទុក្ខទោសកម្មពារវេរាទាំងឡាយទាំងពួង និងបានទៅសោយសុខក្នុងឋានសុគតិភពថ្មី ហើយងាកក្រោយឲ្យពរសព្វ សាធុការ ដល់កូនចៅវិញមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នាទៅហោង ។
ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន និងលោកស្រី រួមទាំងមន្រ្តីរាជការ បានប្រគេនចង្ហាន់ ទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន៖ អង្ករ២០០គីឡូក្រាម,ទឹកសុីអ៊ីវ ១០ យួរ,ទឹកត្រី១០យួរ, មីថៃ២កេសធំ, ប្រេងឆា២ដប, អំបិល ២០ គីឡូក្រាម,ប៊ីចេង ៤គីឡូក្រាមនិងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តសរុប ៣,៨៦,៨០០០រៀល ព្រមទាំងផ្តល់ថវិកាជូនយាយជី តាជីផងដែរ៕