(កំពង់ធំ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា ចាន់តូ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រី លោក ថា យ៉ាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារគណបក្សខេត្តកំពង់ធំ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តចំនួន៥ ក្នុងខេត្តកំពង់ធំ។

វត្តចំនួន៥ដែលលោក ជា ចាន់តូ និងលោកស្រី ព្រមទាំងលោក ថា យ៉ាវ និងក្រុមការងារអញ្ជើញចូលរួមមានដូចជា៖ វត្តសង់ឃ្លាំង, វត្តតាំងក្រសាំង, វត្តកំពង់ថ្ម, វត្តធម្មនាថ និងវត្តសន្ទុកក្រៅ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ ក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ ដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឱ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។

ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេតនឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕