(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍ ចូលរួមអបអរសាទរជូនចំពោះបងប្អូនកម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ ចំនួន២០៤ដុល្លារអាមេរិក ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន២០២ដុល្លារអាមេរិក ចំពោះកម្មករនិយោជិតសាកល្បង។

សហភាពអង្គការសង្គមស៊ីវិល សូមសម្ដែងការកោតសរសើរយ៉ាងខ្លាំងដល់ ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈដែលបានខិតខំដឹកនាំសម្របសម្រួលចរចា រហូតទទួលបានជោគជ័យ តាមរយៈកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមាយ៉ាងយកចិត្តទុកដាក់ចំនួន ២០លើក ជាមួយភាគីពាក់ព័ន្ធទាំង៣ដែលមាន តំណាងភាគី កម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ ប្រជាធិបតេយ្យ យស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះឈ្នះ ក្រោមការដឹកនាំប្រជុំជាច្រើនលើករបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ។

សហភាពអង្គការសង្គមស៊ីវិល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណបំផុត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរួមទាំងបង ប្អូនកម្មករ-កម្មការិនី ក្នុងការខិតខំដឹក់នាំវិស័យការងារឱ្យមានការដំឡើងនូវប្រាក់ឈ្នួលកម្មករនិយោជិតនៅដើមឆ្នាំថ្មី ឆ្នាំ២០២៤ខាងមុខនេះ ដោយមិនខ្លាចនូវការលឿយហត់ទាំងវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូត សម្រេចបាននូវប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារអាមេរិក ដោយសម្ដេចធិបតី បានសម្រេច បន្ថែម២ដុល្លារអាមេរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ២០២ដុល្លារអាមេរិក ដែលត្រូវបានបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើន នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សហភាពអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវ ប្រភពចំណូលរបស់ខ្លួនឯងផង ជួយលើកកម្ពស់ដល់ជីវភាពបងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការ អនុវត្តច្បាប់ស្តីពីភតិសន្យាពិសេស ដែលនៅជាធរមានផង៕