(បន្ទាយមានជ័យ)៖ លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគ៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត សង្កាត់ព្រះពន្លា បានមូលមតិគ្នាជាឯកច្ឆ័ន ចូលរួមកាន់ភ្ជុំបិណ្ឌវេនទី១ នៅវត្តសមាធិផល ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងពិធីកាន់វេនភ្ជំបិណ្ឌនេះ មានពុទ្ធបរិស័ទ ប្រជាជនពលរដ្ឋបានបូជាទៀនធូបផ្កាភ្ញីចំពោះ ព្រះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផលានិសង្សជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន។

លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខ ទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងកាន់បិណ្ឌវេនទី១នេះ ប្រមូលបច្ច័យបានមកពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ និងយោធភូមិភាគទី៥ ទិសទី១ និងពុទ្ធបរិស័ទ សង្កាត់ព្រះពន្លា ចូលរួមកាន់វេនកាន់បិណ្ឌទី១ ដើម្បីយកទៅកសាងក្នុងវត្តនេះមានចំនួន៣,៨៤០,០០០រៀល៕