(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យរីករាយរាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
សម្តេចបានថ្លែងថា៖ «នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា»។
សម្តេចបានបន្តថា៖ «ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ»៕