(ភ្នំពេញ)៖ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈគ្រប់គ្រង និស្សិត ចំនួន២០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទស្តីពី «ក្តីស្រម៉ៃខ្ញុំ អនាគតខ្ញុំ»។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានថេរដីកាថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងនិស្សិត នៃសាកលវិទ្យាល័យ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានយល់ដឹងអំពីទីតាំង និងតួនាទីរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងប្រព័ន្ធជ្រើសរើស បណ្ដុះបណ្តាល និងអាជីពនៃមុខងារសាធារណៈកម្ពុជា។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បន្ដថា ដំណើរទស្សនកិច្ចខាងលើនេះនឹងផ្តល់នូវចំណេះដឹង និងសារប្រយោជន៍ដ៏សំខាន់ដល់ថ្នាក់ដឹកនាំ និងនិស្សិតនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ឲ្យកាន់តែយល់ដឹងច្បាស់ពីសាវតា ដំណើរការបណ្តុះបណ្តាលមន្ត្រីសាធារណៈ និងតួនាទីរបស់សាលាភូមិន្ទរដ្ឋបាល និងដើម្បីឲ្យនិស្សិតឈ្វេងយល់អំពីការប្រឡងចូលទៅសិក្សានៅទីនោះ ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលបានជោគជ័យ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលចូលរួមឲ្យស្រលាញ់ និងប្រឹងប្រែងសិក្សាឲ្យច្បាស់លាស់ ស្គាល់ពីជំនាញរបស់ខ្លួន និងឈានទៅដល់ការសិក្សាដល់កម្រិតខ្ពស់ ដែលក្លាយជាធនធានល្អសម្រាប់កម្ពុជា ដើម្បីរួមគ្នាកសាងប្រទេសជាតិឲ្យរីកចម្រើនឡើង។

ជាមួយគ្នានេះ ក្រុមនិស្សិតដែលបានចូលរួមកម្មវិធីបានសម្ដែងការសប្បាយរីករាយ និងរំភើប ហើយបង្ហាញពីក្ដីសង្ឃឹម និងប្ដេជ្ញាខ្ពស់ ចំពោះការប្រឹងប្រែងសិក្សារៀនសូត្រឲ្យកាន់តែខ្លាំងឡើងដើម្បីក្លាយជាបញ្ញវន្តខ្មែរ ធនធានមនុស្សមានសមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខជាលំដាប់៕