(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ដែលបានរួមសហការគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តើមអនុវត្ត យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការឆ្លើយតប នឹងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ស្តីពី វិធានការ គោលនយោបាយស្តីពី « ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាស្ទិក និងការ ពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី»។

ការវាយតម្លៃបែបនេះរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធី
ចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តកណ្តាល និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងកំពង់ឆ្នាំង។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តថា ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនជាពិសេសសំណល់ប្លាស្ទិក បាននិងកំពុងបង្កហានិភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថានគួរឱ្យព្រួយបារម្ភ ដែលយើង ទាំង អស់គ្នាត្រូវផ្តោតការយកចិត្ត ទុកដាក់ និងរួមគ្នាដោះស្រាយ។ ទន្ទឹមនឹងនេះកម្ពុជា ក៏បាននឹងកំពុងប្រឈមជាមួយនឹងបញ្ហាសំណល់ប្លាស្ទិកផងដែរ ជាពិសេសសំណល់ថង់ប្លាស្ទិក ដែលភាគច្រើនមិនត្រូវបានប្រមូលយកមកកែច្នៃ និងបានចោលលាយឡំជាមួយសំរាម សំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយ នៅតាមទីវាល និងប្រភព ទឹកស្ទើរគ្រប់ទីកន្លែង។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សូមគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការក្នុងការដាក់ចេញ នូវវិធានការនានា សំដៅកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹង ការគ្រប់គ្រងសំណល់ប្លាស្ទិក។ ជាក់ស្តែង នាពេលនេះ ក្រោមការផ្តួចផ្តើមរបស់លោកបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការរៀបចំយុទ្ធនាការកាត់ បន្ថយ ការប្រើប្រាស់ ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថាន សិក្សាចំណេះទូទៅ ក្នុងគោលដៅជាង ៣០,០០០សាលា នៅទូទាំងប្រទេស ដែលមានសិស្សានុសិស្ស ជាង ៣លាន ៧សែននាក់ គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ឈានទៅ ផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ដោយចាប់ផ្តើមពីការមិនប្រើ ប្រាស់ ថង់ ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១ សប្តាហ៍។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានជំនឿជឿជាក់ថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធក្នុងយុទ្ធនាការនាថ្ងៃនេះ និងការបន្តចូលរួមអនុវត្តវិធានការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងទទួលបាននូវបរិស្ថានស្អាត សោភ័ណភាពល្អ ដែលជាចលករុញច្រានកំណើនសេដ្ឋកិច្ច មូលដ្ឋានរបស់កម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាលភាពសាធារណៈ តាមរយៈការលើកស្ទួយវិស័យទេសចរណ៍ និងទីផ្សារផលិតផលក្នុងមូលដ្ឋាន។  
បើតាមលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា យុទ្ធនាការនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពី ឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជាតិ ទូទាំងសកលលោក ក្នុងការកាត់បន្ថយការបំពុលបង្កដោយប្លាស្ទិក។ ឧទាហរណ៍ជាក់ស្តែង ដបប្លាស្ទិកមួយនឹងរលាយដោយឯកឯង ក្នុងរយៈពេល ៤៥០ឆ្នាំដូចនេះ ជាតិពុលនឹងនៅក្នុងបរិស្ថានជុំវិញខ្លួនយើងរាប់ជំនាន់របស់មនុស្សជាតិ។

លោកស្រីសូមឧទ្ទិស យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឱ្យស្ថិតនៅក្នុងបេះដូងយើងទាំងអស់គ្នា ហើយបំពេញកាតព្វកិច្ចពលរដ្ឋល្អ រស់នៅក្នុងបរិស្ថានល្អ អនុវត្តការកាត់បន្ថយការប្រើថង់ប្លាស្ទិក ចូលរួមដាំដើមឈើ ស្រឡាញ់ ថែរក្សាធម្មជាតិ ដើម្បីជីវិតមនុស្ស សត្វ រុក្ខជាតិ និងការពារភពផែនដីឱ្យចាកផុតពីគ្រោះមហន្តរាយនានា ដែលបង្កដោយការប្រែប្រួលអាកាសធាតុ៕