(ភ្នំពេញ)៖ ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២៣៖៤០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យតាមបណ្តាលគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន៤គ្រឿង ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ (៦ម៉ែត្រ គុណ១២ម៉ែត្រ) បានឆេះអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១២៖០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ដោយក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងផ្ទះ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕