(ភ្នំពេញ)៖ លោកស្រី Kristin PARCO ប្រធានបេសកកម្មរបស់អង្គការ International Organization for Migration (IOM) ប្រចាំប្រទេសកម្ពុជា បានសន្យានឹងរៀបចំកិច្ចសហប្រតិបត្ដិការលើការងារសុខភាពឌីជីថល ជាមួយក្រសួងសុខាភិបាល។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង។

លោកស្រីប្រធានបេសកកម្ម បានជម្រាបជូនលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីថា IOM បានសហប្រតិបត្តិការជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិ នាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ គាំទ្រក្រសួងសុខាភិបាលក្នុងការរៀបចំនូវគោលនយោបាយជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ និងចូលរួមជួយរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០។

តាមរយៈគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិខាងលើ IOM បានចូលរួមគាំទ្រដល់ដំណើរការក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន ក្នុងនោះបានសហការគាំទ្រដល់ការបង្កើតក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ នៅថ្នាក់ក្រោមជាតិសម្រាប់រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណអង្គការ IOM ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា និងស្នើដល់អង្គការ IOM បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយទៀត ក្រៅពីសុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា ដូចជាការស្រាវជ្រាវរកជំងឺឆ្លង ដែលអាចមាននៅលើអ្នកចំណូលស្រុកមកកម្ពុជា ការងារសុខភាពតែមួយ ជំងឺរបេង ជំងឺអេដស៍ និងការងារសុខភាពឌីជីថលជាដើម។

ជាការឆ្លើយតបលោកស្រីប្រធានបេសកកម្មអង្គការ IOM បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានទទួលនូវការគាំទ្រពីក្រសួងសុខាភិបាល ជាពិសេសពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដោយលោកស្រីបានបញ្ជាក់ជូនថា សំណើដែលបានលើកឡើងនេះ គឺជាអនុសាសន៍គន្លឹះសម្រាប់ IOM រៀបចំផែនការសកម្មភាពសហការជាមួយក្រសួងសុខាភិបាលជាបន្តទៀត ដោយលោកស្រីបានសន្យាថា លោកស្រីនឹងរៀបចំកិច្ចសហប្រតិបត្តិការលើការងារសុខភាពឌីជីថលនេះ ជាមួយក្រសួងឱ្យបានឆាប់ដោយផ្អែកលើបទពិសោធន៍ IOM ដែលជាស្ថាប័ន UN។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យបានថ្លែងអំណរគុណអង្គការ IOM ជាពិសេសលោកស្រីប្រធានបេសកកម្ម អង្គការ ដែលបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថាក្នុងជំនួបពិភាក្សាការងារនេះ លោកស្រីនាយិកាក៏បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕