(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធី ចុះឈ្មោះបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

លោក មាន សទិ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ការងារនេះធ្វើរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧៖០០ ដល់ម៉ោង ១១៖៣០នាទីថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង២៖០០ ដល់ម៉ោង៥៖៣០នាទីល្ងាច។

លោកបានបន្តថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ១ (មួយ) លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ក្នុងករណីមានការប្រែប្រួល ប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះ នៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរសព្ទដៃ៕