(ភ្នំពេញ)៖ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ីប្រចាំទីប្រទេសកម្ពុជា ឫ ផ្ទះវប្បធម៌រុស្ស៉ី បានរៀបចំពិធីរាត្រីមនោសញ្ចេតនារុស្សី ដើម្បីអបអរសាទរខួប១៥០ឆ្នាំ នៃកំណើតអ្នកនិពន្ធបទភ្លេងរុស្ស៉ី Sergey Rachmaninov (1873-1943) ដែលលោកជាអ្នកនិពន្ធជនជាតិរុស្ស៉ី អ្នកលេងព្យាណូ នឹងជាអ្នកដឹកនាំក្រុមតន្រ្តីក្លាស៊ីក ហើយការប្រគុំតន្ត្រីក្លាស៊ីករបស់លោកតែងមានភ្ញៀវចូលទស្សនាពេញៗរោងមហោស្រព។

ពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ីប្រចាំទីប្រទេសកម្ពុជា ក្រោមវត្តមានលោកស្រី Irina Tsatsulina នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធ៌មរុស្ស៉ី និងដោយមានការចូលរួមពីក្រុមអតីតនិស្សិតដែលធ្លាប់បានទៅរៀននៅប្រទេសរុស្ស៉ី និងវត្តមានលោក លោកស្រី ជាច្រើនរូបទៀត។

លោកស្រី Irina Tsatsulina បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះឡើងដើម្បីជារំលឹក និងអបអរសាទរខួប១៥០ឆ្នាំ នៃកំណើតអ្នកនិពន្ធបទភ្លេងរុស្ស៉ី Sergey Rachmaninov ដែលលោកគឺជាតន្ត្រីករ ដ៏ល្បីល្បាញរបស់រុស្ស៉ី និងបានប្រគុំតន្ត្រីប្រហែលពីរពាន់បទ នៅតាមប្រទេសជាច្រើនក្នុងពិភពលោក។ ការប្រគុំតន្រ្តីព្យាណូលេខ2 (Concerto No. 2) នៃឆ្នាំ១៩០១ របស់លោក ត្រូវបានគេកោតសរសើរជាញឹកញាប់ថា ជាស្នាដៃនិពន្ធដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។ ប្រជាប្រិយភាពរបស់លោកបានទាក់ទាញដល់អ្នកដឹកនាំភាពយន្តក្នុងស្រុក និងក្រៅប្រទេស ដែលនាំឱ្យគេយកតន្រ្តីនិពន្ធរបស់ លោក Rachmaninov ប្រើប្រាស់ក្នុងខ្សែភាពយន្ត។

លោកស្រី Irina Tsatsulina បានឱ្យដឹងទៀតថា នៅក្នុងពិធីរាត្រីមនោសញ្ចេតនារុស្ស៉ី ដើម្បីឧទ្ទិសខួបកំណើតលោក Rachraninov ១៥០ឆ្នាំនេះ ក៏មានការអានកំណាព្យ ច្រៀងចំរៀងមនោសញ្ចេតនា ដោយសិល្បករ អ្នកស្ម័គ្រចិត្តជនជាតិរុស្ស៉ី ខ្មែរ ជប៉ុន។ ពិសេសមានការលេងព្យាណូ បទនិពន្ធរបស់លោក Rachmaninov។

កម្មវិធីនេះរៀបចំឡើងដើម្បីជួបជុំគ្នាស្តាប់នូវចម្រៀងរ៉ូមានទិកពិរោះៗ និងបញ្ចេញសម្មភាពរបស់ខ្លួនបែបលក្ខណៈស្ម័គ្រចិត្តនៅលើឆាក ដើម្បីបន្តបន្ថយភាពតាងតឹង។ មួយវិញទៀតដើម្បីបង្ហាញអំពីប្រវត្តិសាស្រ្ត វប្បធម៌ការរក្សាទំនៀមទំលាប់ប្រពៃណីរបស់រុស្ស៉ី ក្នុងការពិសាតែជាមួយនំដុតស្នូលដំណាប់ផ្លែឈើ ដើម្បីបង្ហាញនូវភាពស្និតស្នាល សាមគ្គីភាព និងក្តីនឹករលឹក។

ដោយឡែកអាហារូបករណ៍លើវិស័យសិល្បៈ តន្រ្តី ភាពយន្ត លោកស្រី Irina Tsatsulina បានបន្ថែមថា រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានផ្ដល់ដល់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។ ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ដែរថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ រុស្ស៉ីគ្រោងនឹងផ្តល់អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី ចំនួន៤០កន្លែង លើមុខជំនាញដូចជា វិជ្ជសាស្ត្រ ថាមពលនុយក្លេអ៊ែរស៊ីវិល ព័ត៌មានវិទ្យា វិទ្យាសាស្រ្តនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាគីមី សំណង់ស៊ីវិល៕