(ភ្នំពេញ)៖ នគរបាលការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើបអង្កតបានបង្រ្គាបករណីទិញពេស្យាចារលើកុមារ ហើយបានធ្វើឃាត់ខ្លួនលើជនសង្ស័យម្នាក់ឈ្មោះ ស្តេ វិន ជនជាតិស្វីស ហើយបានរំដោះកុមាររងគ្រោះចំនួន៣នាក់ បញ្ជូនទៅសង្គមកិច្ច។

ការឃាត់ខ្លួននោះ គឺបានធ្វើឡើងនៅចំណុចផ្ទះជួលលេខ៣៦ ៣៨ ផ្លូវរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ជាលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ការចាប់ខ្លួនជនជាតិបរទេសរូបនេះ តាមពាក្យបណ្ដឹងរបស់ឈ្មោះ សៅ សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ (មន្ត្រីមន្ទីរសង្គមកិច្ច) ដែលបានប្តឹងទៅលើឈ្មោះ STEPHAN WERNER ហៅ ស្ពៃចិន ភេទ ប្រុស ដែលបានបៀតបៀនលើ ក្មេងស្រីអាយុ៤ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីទទួលពាក្យបណ្តឹង ការិយាល័យបានធ្វើលិខិត គោរពស្នើសុំបើកស៊ើបអង្កេតបឋមទៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៣ លោក ច្រឹង ខ្មៅ បានចំណារឯកភាពលើសំណើសុំបើកស៊ើបអង្កេតបឋមខាងលើ។

បន្ទាប់ពីការិយាល័យទទួលបានចំណារឯកភាពរួចមក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ផែនបានចេញលិខិតកោះហៅឈ្មោះ STEPHAN WERNER ហៅ ស្ពៃចិន អាយុ៥៧ឆ្នាំ ជនជាតិស្វីស ដើម្បីចូលមកកាន់ការិយាល័យធ្វើបំភ្លឺលើបណ្តឹងរបស់ឈ្មោះ សៅ សម្បត្តិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក។ លុះមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ឈ្មោះ ឃិត សុខាំង បាននាំឈ្មោះ STEPHAN WERNER មកប្រគល់ឲ្យការិយាល័យ ក្នុងនោះការិយាល័យបានធ្វើការសាកសួរឈ្មោះ STEPHAN WERNER ហៅ ស្ពៃ ចិន។

ជនសង្ស័យឈ្មោះ STEPHANWERNER ហៅ ស្ពៃចិន បានសារភាពថា ខ្លួនពិតជាបាននាំយកក្មេងស្រីទៅដើរលេងជាច្រើន កន្លែងនៅភ្នំពេញ និងធ្លាប់នាំទៅដេកលេងនៅផ្ទះរបស់គាត់ជាច្រើនលើកផងដែរ ព្រមទាំងបានផ្តល់លុយទៅឲ្យ ជីតារបស់ក្មេងស្រី ក្នុងមួយខែ១៥០ដុល្លារ។

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ចំណែកកុមាររងគ្រោះចំនួន២នាក់ ប្រុស អនីតិជន បញ្ចូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕