(ភ្នំពេញ)៖ បុគ្គលម្នាក់រស់នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ឈ្មោះ តាំង សំណាង ដែលបានប្រកបអាជីវកម្ម ក្រោមស្លាកផ្ដល់ប្រឹក្សា និងពិគ្រោះយោបល់ បានចេញមកទទួលស្គាល់កំហុសរបស់ខ្លួន ក្រោយមានប្រតិកម្មពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងលិខិតបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បុគ្គលឈ្មោះ តាំង សំណាង បានទទួលស្គាល់ថា ខ្លួនមិនមែនជាមេធាវីនោះទេ ពោលសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីគឺសេវាបកប្រែភាសា (គ្រប់ភាសា) រីឯសមកម្មភាពបន្ទាប់បន្សំដែលបានដាក់ថា សេវាពិគ្រោះយោបល់ (ផ្នែកអាជីវកម្ម និងច្បាប់មេធាវី) នោះគឺដោយសារ មិនបានដឹងអំពីការមិនអនុញ្ញាតឲ្យបុគ្គលទូទៅបើបម្រើសេវាច្បាប់នោះទេ។

បុគ្គលឈ្មោះ តាំង សំណាង បានធ្វើការសុំទោសទៅកាន់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការធ្វើឲ្យមានការភាន់ ច្រលំអំពីការបម្រើសេវារបស់ក្រុមហ៊ុនលោក ចំពោះសាធារណៈជន ហើយសូមសន្យា និងធានាចំពោះមុខថា នឹងប្តូរការចុះបញ្ជី និងលុបការលើកស្លាក ឬខិតប័ណ្ណផ្សាយទាំងឡាយណាដែលបានបង្ហាញថា ក្រុមហ៊ុនលោកប្រើសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ឬពាក់ព័ន្ធជាមួយច្បាប់ទាំងអស់ចាប់តាំងពីពេលនេះតទៅ៕