(ត្បូងឃ្មុំ)៖ ដើម្បីលើកស្ទួយសិល្បៈចម្រៀងខ្មែរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា វប្បធម៌មានតួនាទីសំខាន់ ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងថែរក្សាបាននូវពណ៌សម្បុរ និងអត្តសញ្ញាណជាតិ ដូច្នេះសូមបងប្អូនក្មួយៗទាំងអស់ ចូលរួមជួយថែរក្សា និងគាំទ្រនៅវប្បធម៌ឲ្យបានច្រើន ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិ។

លោកបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំស្វែងរកធនធានមនុស្ស ដែលមានសម្លេងពិរោះ មានទឹកដម ចូលរួមប្រកួត និងទទួលជ័យលាភី តំណាងឲ្យខេត្ត ជាពិសេសបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារលើកស្ទួយសិល្បៈចម្រៀងខ្មែរ ឲ្យទទួលបានជោគជ័យ ដោយមានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏ដូចជាបេក្ខជន បេក្ខនារីទាំងអស់ បន្ទាប់ពីទទួលបានជ័យលាភីហើយ ត្រូវប្រឹងប្រឹងប្រែងបន្ថែមទៀត បង្ហាញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ដើម្បីជួយលើកស្ទួយនូវសិល្បៈវប្បធម៌ខ្មែររបស់យើង ដែលកំពុងតែត្រូវទទួលរងនូវការគំរាមកំហែង ពីវប្បធម៌បរទេសពិសេស ស្រទាប់យុវវ័យ ដើម្បីលើកតម្កើងឲ្យចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បៈ វប្បធម៌ខ្មែរឲ្យបានគង់វង្ស។

លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងទាំងបុរាណ និងសម័យសរុបមានចំនួន៧៤នាក់ ក្នុងនោះស្រី ៣០នាក់។ ឆ្លងកាត់ការប្រឡងជម្រុះជាបន្តបន្ទាប់ លើវិញ្ញាសារប្រឡងចម្រៀងបុរាណ និងសម័យ រហូតដល់វគ្គផ្តាច់ព្រត្រ បេក្ខជននៅសល់ចំនួន១២រូប ជាលទ្ធផល៖

* ផ្នែកបុរាណ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជន ញ៉ វុធធា មកពីស្រុកពញាក្រែក បកស្រាយបទ សត្វរំពេរ ទទួលបានប័ណ្ណជ័យលាភី និងថវិកា១លានរៀល, លេខ២បានទៅលើបេក្ខជន បេត សាវ៉េត ទទួលបានបណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខជន ស៊ឹម គឹមសាត ទទួលបានបណ្ណជ័យលាភី និងថវិកា៦០ម៉ឺនរៀល។

* ផ្នែកសម័យ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារី ហ៊ាង សុភក្ត្រា មកពីស្រុកត្បូងឃ្មុំ បកស្រាយបទទុកស្រីប្តីព្រាត់ ទទួលប័ណ្ណជ័យលាភី និងថវិកា១លានរៀល, លេខ២បានទៅលើបេក្ខនារី អុន សុខជឿន ទទួលបានបណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខជន ហេង ស៊ាងហៃ ទទួលបានបណ្ណជ័យលាភី និងថវិកា ៦០ម៉ឺនរៀល។

ដោយឡែក បេក្ខជន បេក្ខនារី ៦រូបទៀតដែលមិនបានជាប់ចំណាត់ថ្នាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ឧបត្ថម្ភថវិកាក្នុងម្នាក់២០ម៉ឺនរៀល ព្រមទាំងប័ណ្ណកិត្តិយស ជាពិសេសបេក្ខជនបេក្ខនារី ដែលមិនបានមកដល់វគ្គផ្ដាច់ព្រ័ត្រ ក៍ផ្តល់ជូននូវថវិកាក្នុងម្នាក់៥ម៉ឺនរៀល ជាការលើកទឹកចិត្តផងដែរ៕