(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ, លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ, លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ, លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចុះសួរសុខទុក្ខកងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ស្ថិតក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

លោក សាំ ពិសិដ្ឋ និងលោក ធឹម សំអាន តំណាងឲ្យអាជ្ញាធរខណ្ឌទាំង៣ បានបង្ហាញក្តីសោមនស្សរីករាយ និងកោតសរសើរដល់វីរភាពកងនគរបាលការពារព្រំដែនលេខ៧៩៣ រួមជាមួយកម្លាំងកងទ័ពតាមបណ្តាអង្គភាពផ្សេងៗ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណៈភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការឈ្លានពានណាមួយពីសត្រូវ។

សកម្មភាពចែកអំណោយដល់កម្លាំងកងនគរបាល ដែលកំពុងឈរជើងការពារទឹកដីខាងលើនេះ បានធ្វើឡើងនាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនាពេលនេះ ក៏ដូចជាបង្ហាញពីការយកចិត្ត និងគាំទ្រពីសមរភូមិខាងក្រោយចំពោះសមរភូមិខាងមុខ។

លោកបានធ្វើការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដី។ លោកគូសបញ្ជាក់ថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាព សព្វថ្ងៃនេះក៏ដោយសារកងទ័ពនៅសមរភូមិជួរមុខ ឈរជើងការពារទឹកដី។

ដោយឡែក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងដឹកនាំគណៈប្រតិទៅកាន់ខេត្តព្រះវិហារ ដើម្បីចុះសំណេះសំណាលជាមួយកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៕