(ព្រះវិហារ)៖ នារដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គណៈប្រតិភូខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌច្បារអំពៅ ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌចំការមន នារសៀលទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសំណេះសំណាល និងនាំយកអំណោយមួយចំនួនចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃវរសេនាតូចលេខ៣៩២ ដែលឈរជើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រតិភូខណ្ឌចំនួន៤ខណ្ឌនេះដឹកនាំដោយលោក ចេង មុនី អភិបាលខណ្ឌច្បារអំពៅ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះសមរភូមិខាងមុខ។

លោក ណន ធិន ប្រធានវរសេនាតូចលេខ៣៩២ និងនាយទាហាន ពលទាហានទាំងអស់ បានអរគុណដែលបានឃើញវត្តមានរបស់ថ្នាក់ដឹកនាំខណ្ឌទាំង៤ និងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់របស់ខណ្ឌទាំង៤ នៅឯសមរភូមិក្រោយ មានទឹកចិត្តសាមគ្គីភាពគ្នាជាធ្លុងមួយ ដោយបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមចំណែកគាំទ្រលើកទឹកចិត្តដល់វរកងទ័ពកម្ពុជានៅសមរភូមិមុខកាន់តែមានសន្ទុះ និងទឹកចិត្តយ៉ាងមុះមុតបន្ថែមទៀត ក្នុងការការពារបូរណភាពទឹកដីជាតិខ្មែរនៅតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ។

ជំនួសមុខឱ្យប្រតិភូខណ្ឌទាំង៤ លោកអភិបាលខណ្ឌច្បារអំពៅ បានថ្លែងកោតសរសើរចំពោះវរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដី ដោយមិនឱ្យសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាបានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។

នៅចំពោះមុខកម្លាំងទាហានទាំងអស់ អភិបាលខណ្ឌច្បារអំពៅបានប្រាប់ទៅកងទ័ពថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋ រស់នៅក្រោមដំបូលសន្តិភាពសព្វថ្ងៃនេះ ក៏ដោយសារកងទ័ពនៅសមរភូមិជួរមុខ ឈរជើងការពារទឹកដី មិនអិយសត្រូវចូលឈ្លានពានបានឡើយ។

គួរជម្រាបថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងដឹកនាំគណៈប្រតិទៅកាន់ខេត្តព្រះវិហារ ដើម្បីចុះសំណេះសំណាលជាមួយកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ៕