Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស្មៀនសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បំភ្លឺករណីទារលុយធ្វើឯកសារ និងស៉ីដាច់លុយលើកទឹកចិត្តមន្ដ្រី ២០០លានរៀល ដែលជាប់ពាក់ព័ន្ធនឹងចៅសង្កាត់ផងដែរ

29-09-2023 17:26

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតមួយកំណត់ឲ្យលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបំភ្លឺករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារ ដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ខ្លួនបានទទួល និងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថា លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលប្រជាពលរដ្ឋទៅ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ ហើយចំពោះការស្នើសុំ ជួសជុល ឬសាងសង់ បើសិនគ្មានប្រាក់បង់ជូនទេ លោក និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ។

ជាងនេះទៀត រូបលោក សួរ ភ័ក្រសំពង្ស និងលោក កង វង មិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង ២០០លានរៀល ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ជូនដល់មន្ត្រីឡើយ។ សូម លោកបំភ្លឺករណីនេះមក អ.ប.ព. វិញឲ្យបានឆាប់ ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕