(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែមានភាពសកម្មខ្លាំងឡើងជាលំដាប់ និងបានអរគុណដល់មិត្តចិន ដែលបានយកចិត្តទុក្ខដាក់ជួយដល់កម្ពុជា។

ការថ្លែងរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែ សីហានេះ នាវិមានសន្តិភាព ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ពេលបញ្ចប់បេសកកម្ម ការទូតនៅកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី Bu Jianguo បានថ្លែងអំណរគុណ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេសកកម្មការទូត របស់លោកស្រីទទួលបានជោគជ័យក្នុងរយៈពេល ៣ឆ្នាំកន្លងមកនៅកម្ពុជា ដែលបានជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយប្រមុខដឹកនាំចិនជាច្រើន រួមទាំង លោកប្រធានាធិបតីចិន Xi Jinping និងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang ហើយគម្រោងជាច្រើនក៏ត្រូវបានអនុវត្តប្រកបដោយលទ្ធផលផ្លែផ្កាផងដែរ។

សម្តេចតេជោ បានមានជម្រាបលោកស្រី Bu ថាក្នុងរយៈពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមាន ភាពសកម្មខ្លាំងឡើងដែលបានធ្វើឡើងជាលក្ខណៈទ្វេភាគី ក្នុងកម្រិតតំបន់ និងជាពិសេសក្នុងក្របខណ្ឌអាស៊ាន-ចិន។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រី Bu អំពីគម្រោងអញ្ជើញទៅ ធ្វើទស្សនកិច្ច និងចូលរួមប្រជុំនៅខេត្ត Chongging នៃប្រទេសចិនខាងមុខនេះ ក្នុងនោះ សម្តេចតេជោ នឹងអញ្ជើញចូលរួមពិធីតាំងពិពណ៌អាស៊ាន-ចិន នៅខេត្ត Nanning ផងដែរ។

តាមរយៈបេសកកម្មការទូតរបស់លោកស្រី Bu Jiangguo នៅកម្ពុជា គឺបានជួយសម្រួលដល់គម្រោង អភិវឌ្ឍន៍ជាច្រើនដែលត្រូវបាន សាងសង់ឡើងក្រោមជំនួយពីមិត្តចិន ដូចជាផ្លូវថ្នល់ និងស្ពានធំៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរគុណមិត្តចិនដែលបានយកចិត្តទុកដាក់ជួយកម្ពុជា ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានជូនពរ​ លោកស្រី Bu Jianguo ឲ្យទទួលបានជោគជ័យថ្មីៗទៀតនៅក្នុងបេសកកម្មការទូតជាបន្តបន្ទាប់ខាងមុខនេះ៕