(ភ្នំពេញ)៖ លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC តំណាងឲ្យ៦៨ សហព័ន្ធសហជីព សមាគម និងអង្គការ សូមចូលរួម អបអរសាទរជាមួយបងប្អូនកម្មករ-និយោជិត ទាំងអស់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលធ្វើដំណើរ ដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី ២០៤ ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។

នាព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ ២០២៣នេះ លោក សួង ហួតបានបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជាសូមគាំទ្រចំពោះ យន្តការនៃការចរចារប្រាក់ឈ្នួលអប្បបរមា ដែលរៀបចំដោយក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈហើយបានផ្តល់ឪកាស និងពេលវេលាគ្រប់គ្រាន់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមចរចា ដោយឈរលើលក្ខណៈបច្ចេកទេសនិងវិទ្យាសាស្ត្រ និងបានបោះឆ្នោតគាំទ្រទូរលេខប្រាក់ឈ្នួលអប្បបរមា ចំនួន ២០២ ដុល្លារ សម្រាប់ឆ្នាំ២០២៤ ហើយ សម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមចំនួន ២ (ពីរ) ដុល្លារ លើទូរលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ២០២ ដុល្លារ ដែលការបន្ថែមនេះជាកាយវិកា យកចិត្តទុកដាក់ពីការលំបាកនឹងរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកម្មករ និងក្រុមគ្រួសារកាន់តែប្រសើរឡើងជាងមុន។ដូច្នេះប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ឡើងដល់ ចំនួន ២០៤ដុល្លារសម្រាប់កម្មករពេញសិទ្ធិ និង ២០២ ដុល្លារ សម្រាប់កម្មករសាកល្បងដោយ អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។

លោកសួង ហួតនិយាយថា៖ «ក្នុងនាម ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ខ្ញុំសូមចូលរួមអបអរចំពោះបងប្អូនកម្មក របស់យើងដែលបានតំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ២០៤ ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ បើទោះបីជាការតំឡើងនេះ មានអត្រាតិចតួចមិនទាន់ឆ្លើយតបចំពោះតម្រូវការបងប្អូនកម្មករពិតមែន តែនេះជាការបង្ហាញការយកចិត្តទុកដាក់ របស់ សម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិត ហើយបានតម្លើងប្រាក់ឈ្នួលជូនបងប្អូនកម្មករ និយោជិតជារៀងរាល់ឆ្នាំ។ បើទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏រាជដ្ឋាភិបាលបានខិតខំរកមធ្យោបាយតំឡើងប្រាក់ឈ្នូលអប្បរមា ជូនបងប្អូននិយោគជិកទៅតាមលទ្ធផលដែលកម្ពុជាយើងមាន។ ការដំឡើងនេះ គឺធ្វើឡើងតាមការចរចាបែបបច្ចេកទេស និងវិទ្យាសាស្រ្ត ។ ដូច្នេះសូមអរគុណសម្តេចធិបតីហ៊ុនម៉ាណែត ដែលបានគិតគូហើយបានបន្ថែមចំនួន២ដុល្លារលើ ការចរចាប្រាក់ឈ្នូលអប្បរមាសម្រាប់ឆ្នាំ២០២៤ខាងមុខ»

កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចូលរួម អបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាន នូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិកក្នុង១ខែ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត សម្តេចធិបតីសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្ត ច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។ រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន