(បន្ទាយមានជ័យ)៖ យោងតាមការស្រង់ស្ថិតិប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ បានបង្ហាញថា ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យដែលទើបគ្រប់អាយុ១៨ឆ្នាំ ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតមានចំនួន ៣,៨៧១នាក់។

ការលើកឡើងនូវស្ថិតិនេះធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ទូទាំងឃុំ-សង្កាត់ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមលោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ គណបក្សនយោបាយចំនួន៤ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក យ៉ង់ សក្តិ បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណការពិនិត្យបញ្ជីឈ្មោះប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត ដោយអនុលោមតាមច្បាប់ស្តីពីការចោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា នីតិវិធីរបស់ គ.ជ.ប របស់ផែនការអន្តរស្ថាប័នលេខ ០១០ ផក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ព្រមទាំងសេចក្តីណែនាំរួមរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការឆ្នោត និង គ.ជ.ប ក៏ដូចជាសេចក្តីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនិងការងារសន្តិសុខបោះឆ្នោត។

លោក យ៉ង់ សក្តិ បានបន្តថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣នេះ អ្នកដែលអាចចុះបោះឆ្នោតបានចាប់ពីអាយុ១៨ឆ្នាំឡើង តាមរបាយការណ៍ស្តីពីលទ្ធផលនៃការស្រង់ស្ថិតិប្រជាពលរដ្ឋមានក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣៖

* ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងសរុប ២៤៧,០៨៥នាក់ (ស្រី ២៧២,៧៦២នាក់)
* អ្នកមិនទាន់ចុះឈ្មោះបោះឆ្នោតទើបគ្រប់អាយុ១៨ឆ្នាំមានចំនួន ៣,៨៧១នាក់
* អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានចំនួន ១០,៣៦២នាក់
* អ្នកមិនធ្លាប់ចុះឈ្មោះបោះឆ្នោតមានចំនួន ២៥,០០៩នាក់
* អ្នកស្នាក់នៅអាចិន្ត្រៃយ៍សរុប ៣១៦នាក់
* អ្នករស់នៅបណ្តោះអាសន្នសរុបមានចំនួន ៣០នាក់
* អ្នកចំណាកស្រុកមានចំនួន ៨៧,៣២៣នាក់
* ប៉ាន់ស្មានសរុប ២៩,២២៦នាក់
* ប៉ាន់ស្មានអ្នកដែលអាចមកចុះឈ្មោះបោះឆ្នោតសរុប ១៥,២០៨នាក់
* ផ្លាស់ចេញមានចំនួន ៩៦នាក់
* ស្លាប់មានចំនួន ២,៦៣៣នាក់
* ឈ្មោះក្នុងបញ្ជីចុះឈ្មោះជាផ្លូវការមានចំនួន ៤៣១,៧៧៥នាក់ ទូទាំង៦៧ឃុំ-សង្កាត់ មានការិយាល័យឆ្នោះឆ្នោតសរុប១,១១៩ការិយាល័យ។

លោក យ៉ង សក្តិ បានបន្តទៀតថា ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ កន្លងមក អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនចេញការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងគោរពច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងកិច្ចប្រជុំនោះ លោក លី សុវណ្ណារិទ្ធ បានបានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧នេះ បានបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា៕