(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាវេលារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមប្រចាំខណ្ឌ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន២០គ្រួសារ មកពីភូមិចំនួន៦ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗទទួលបាន អង្គរមួយបាវ ទម្ងន់៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ ស្ករស០១គីឡូ ទឹកដោះគោ២កំប៉ុង មីយើង០១កេស ឃីត១ឈុត (មុង ភួយ ក្រមា) និងថវិកា២ម៉ឺនរៀល។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌមានជ័យ បានថ្លែងថា ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ គឺអាជ្ញាធរធ្វើឡើងដោយពិនិត្យឃើញជាក់ស្តែងពីសុខទុក្ខលំបាក របស់បងប្អូននោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។
លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ឌី រ័ត្នខេមរុណ បាន នាំនូវក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ។
ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេច តែងឋិតនៅក្បែរបងប្អូនជានិច្ចដែលលោកតែងតែ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ អោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើ ប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក របស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា៕