(កំពង់ធំ)៖ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានថ្លែងថា សិស្សសិស្សានុសិស្សត្រូវធ្វើខ្លួនយ៉ាងណាក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ដើម្បីជាទំពាំងស្នងឬស្សី និងជាយុវជនបន្តវេន។

លោក តាន់ ប៊ុនហុង បានថ្លែងក្នុងពិធីចែក សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ព្រមទាំងពិធីប្រគល់បណ្ណសរសើរ នឹងរង្វាន់ដល់សិស្សជ័យលាភី សាលាសុវណ្ណភូមិសាខាខេត្តកំពង់ធំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោកបានកោតសរសើរពីវឌ្ឍនភាពរីកចម្រើនរបស់សាលារៀនសុវណ្ណភូមិក្នុងឆ្នាំសិក្សាកន្លងមកនេះ បានសបញ្ជាក់យ៉ាងច្បាស់ឱ្យយើងឃើញថា សាលារៀនសុវណ្ណភូមិពិតជាមាន ការរីកចម្រើនជាលំដាប់ ក្នុងការចូលរួមចំណែកទ្រទ្រង់វិស័យអប់រំ នៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែមានភាពលេចធ្លោបន្ថែមទៀត ជាពិសេសជួយបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងខេត្តពោរពេញទៅដោយសក្តានុពលដើម្បីកូនៗត្រៀមខ្លួន បន្តទៅថ្នាក់ឧត្តមសិក្សា និងក្លាយជាពលរដ្ឋល្អ ក្នុងការបន្តវេនជួយអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន។

លោកបានបន្តថា ការចែកសញ្ញាបត្រ និងបណ្ណសរសើរពេលនេះគឺជាសារជូនដំណឹងដ៏សំខាន់សម្រាប់លោកឪពុក អ្នកម្ដាយ អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ថា នេះហើយដែលជាសមិទ្ធផលដែលកូនៗ ក្មួយៗ សិស្សានុសិស្ស នៃសាលារៀនសុវណ្ណភូមិ បានខិតខំប្រឹងប្រែងសិក្សារៀនសូត ។

លោកបន្តទៀតថា ក្នុងរយៈពេលមួយឆ្នាំសិក្សាកន្លងមក គឺឆ្នាំសិក្សា២០២២-២០២៣ ប្រកបដោយផ្លែផ្កាភាពជឿជាក់ថា អ្វីៗដែលទទួលបានសុទ្ធតែឆ្លុះបញ្ចាំងពីភាពតស៊ូអត់ធ្មត់ ជាពិសេសមានការចូលរួមលះបង់ដោយមិនចង់ បានផលតបស្នងក្រៅពីចង់ឃើញកូនៗ បានទទួលនូវចំណេះដឹងពិតប្រាកដប្រកបដោយសីលធម៌ដើម្បីជាការតបស្នងដល់អ្នកមានគុណសូមកូនៗទាំងអស់ត្រូវតែខិតខំរៀនសូត្រ ត្រូវធ្វើជាកូនស្តាប់បង្គាប់ងាយក្នុងការប្រដៅ ណែនាំត្រូវជួយធ្វើការងារផ្ទះកុំធ្វើឱ្យលោកឪពុក អ្នកម្តាយ ពិបាកចិត្តឱ្យសោះ។ ចំណែកនៅក្នុងសាលា សូមកូនៗព្យាយាមយកចិត្តទុកដាក់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់មេរៀន និងខំធ្វើកិច្ចការដែលគ្រូដាក់ឱ្យ ធ្វើបើមិនយល់ត្រូវសុំគ្រូឱ្យជួយពន្យល់បន្ថែមហើយការសេពគប់មិត្ត ត្រូវចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយជំរុញគ្នា នាំគ្នាស្វ័យសិក្សា ធ្វើលំហាត់កិច្ចការផ្ទះជាប្រចាំ។

ចុងក្រោយលោកបានជំរុញធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទទួលបាននូវ វិជ្ជាសម្បទា បំណនសម្បទា ចរិយាសម្បទា និងកាយសម្បទា ពេញលេញ ដើម្បីបន្តទៅថ្នាក់ឧត្តមសិក្សាដោយជោគជ័យ និងក្លាយជាពលរដ្ឋប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាម «គោលនយោបាយបញ្ចកោណ» របស់រាជរដ្ឋាភិបាល។

លោក ប្រាក់ លីម នាយកសាលារៀនសុវណ្ណភូមិទី៣៨ បានរាយការណ៍ថាសាលារៀនសុវណ្ណភូមិទី៣៨ ខេត្តកំពង់ធំ ចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្ថិតិសិស្សនៅដើមឆ្នាំ២០២៣-២០២៤នេះ សិស្សសរុបមានចំនួន៥៥០ នាក់ បុគ្គលិកសរុប៥៧នាក់និងបានចែកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិព្រមទាំងពិធីប្រគល់បណ្ណសរសើរ នឹងរង្វាន់ដល់សិស្សជ័យលាភី ១៧៥នាក់ផងដែរ៕