(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញផ្សាយរបាយការណ៍ស្ថិតិភ្ញៀវទេសចរបរទេសក្នុងរយៈពេល៨ខែឆ្នាំ២០២៣ ដែលមានប្រមាណ៣.៥លាននាក់ ក្នុងអត្រាកំណើន២៥០.៨ភាគរយ ព្រមទាំងលើកទឡ្ហីករណ៍ដើម្បីបញ្ជាក់អំពីការបូកសរុបស្ថិតិនេះផងដែរ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា នាយកដ្ឋានស្ថិតិទេសចរណ៍បានប្រមូលនិងចងក្រងទិន្នន័យទេសចរអន្តរជាតិពីគ្រប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិសរុប២៦ច្រកទ្វារទូទាំងប្រទេស ដែលមានកិច្ចសហការផ្ដល់ទិន្នន័យដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាប្រចាំខែ។

ស្ថិតិភ្ញៀវទេសចរបរទេសប្រចាំខែ (ទាំង៨ខែ) ដែលក្រសួងទេសចរណ៍ទទួលបានពីច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេសទាំង២៦នោះ រួមមាន៖
* ខែមករាទទួលបាន ៤០២,៩៤៣នាក់
* ខែកុម្ភៈទទួលបាន ៤៣៤,៥០៣នាក់
* ខែមីនាទទួលបាន ៤៥៤,០៩៣នាក់
* ខែមេសាទទួលបាន ៤៣០,១២៩នាក់
* ខែឧសភាទទួលបាន ៤៤២,១១៤នាក់
* ខែមិថុនាទទួលបាន ៤១៦,១៥០នាក់
* ខែកក្កដាទទួលបាន ៤៥៧,៤១២នាក់
* ខែសីហាទទួលបាន ៤៦៤,៦៣៧នាក់។ សរុបទាំង៨ខែនេះមានចំនួន ៣,៥០១,៩៨១នាក់។

ចំពោះមធ្យោបាយទាំង៣ផ្លូវដែលភ្ញៀវទេសចរបរទេសធ្វើដំណើរមកដល់កម្ពុជា រួមមាន៖
* ផ្លូវអាកាសមានចំនួន ១,២១៣,៧៧០នាក់
* ផ្លូវគោកមានចំនួន ២,២៥០,២៤១នាក់
* ផ្លូវទឹកមានចំនួន ៣៧,៩៧០នាក់។ សរុបទាំង៨ខែនេះមានចំនួន ៣,៥០១,៩៨១នាក់។

ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ចំនួនភ្ញៀវបរទេស៣.៥លាននាក់ក្នុងពេល៨ខែឆ្នាំ២០២៣នេះ គឺមានកំណើន២៥០.៨ភាគរយពិតមែន ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដោយសារចំនួនទេសចរកាលពីអំឡុងពេលនោះមានចំនួនតិចជាងឆ្ងាយ ដូច្នេះហើយទើបធ្វើឱ្យអត្រាកំណើនមានគម្លាតពីគ្នា។ ប៉ុន្តែចំនួន៣.៥លាននាក់នេះ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ (គ្រាមុនជំងឺកូវីដ១៩) វិញនោះ គេឃើញថាអត្រាមានការថយចុះ៧៧.១ភាគរយ មានន័យថា ចំនួនភ្ញៀវបរទេស៣.៥លាននាក់ក្នុងពេល៨ខែឆ្នាំ២០២៣នេះ ទើបតែស្មើនឹងប្រមាណ៧៧ភាគរយនៃចំនួនភ្ញៀវបរទេសកាលពីឆ្នាំ២០១៩ប៉ុណ្ណោះ មិនទាន់ស្មើ១០០ភាគរយនៃឆ្នាំ២០១៩នោះឡើយ។

ក្រសួងទេសចរណ៍បញ្ជាក់ដែរថា ភ្ញៀវទេសចរចម្ងាយឆ្ងាយដូចជាអឺរ៉ុប សហរដ្ឋអាមេរិក គឺមានត្រឹមតែ១៥ភាគរយនៃចំនួន៣.៥លាននាក់នេះប៉ុណ្ណោះ មូលហេតុដោយសារអំឡុងពេលនេះជារដូវបវេសនកាល ដែលពួកគេនៅជាប់បំពេញការងារនៅក្នុងប្រទេស ឬតំបន់របស់ពួកគេ។ តែយ៉ាងណា ក្រសួងនៅតែសង្ឃឹមថានៅពេលដល់រដូវវិស្សមកាលនាពេលខាងមុខ ភ្ញៀវទេសចរបរទេសនឹងបន្តកើនឡើងវិញសម្រាប់គោលដៅទេសចរណ៍កម្ពុជា៕