(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តរតនគិរីបានប្រារព្ធ ទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» និងអបអរសាទរ ពិភពលោកស្អាតលើកទី៦ នៅបរិវេណអាងទឹកជាប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ក្រោមអធិបតីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ យុវជនស.ស.យ.ក សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករប្រមាណជាង១,០០០នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តលោក ង៉ែត ពិទូ បានលើកឡើងថា ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែខេត្តមានតំបន់សក្តានុពលទេសចរណ៍ សរុបចំនួន៣០កន្លែង ក្នុងនោះបែបធម្មជាតិចំនួន ២០កន្លែង បែបវប្បធម៌ចំនួន ២កន្លែង និងបែបកែច្នៃចំនួន ៨កន្លែងជារបស់ឯកជន និងមានសណ្ឋាគារចំនួន ១៣កន្លែង ផ្ទះសំណាក់ ៣២កន្លែង ភោជនីយដ្ឋាននិងអាហារដ្ឋាន៣៨ កន្លែង។

មានសំណេះសំណាល និងអបអរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ និងទិវាពិភពលោកស្អាតលើកទី៦លោក ញ៉ែម សំអឿន បានថ្លែងថា វិស័យទេសចរណ៍ពិភពលោក នៅតែជាវិស័យដ៏សំខាន់មួយ ចូលរួមបង្កើត ការងាររហូតដល់១០% នៃការងារសរុប ពោលក្នុងចំណោមការងារ១០ មាន ១ជាការងារផ្នែកទេសចរណ៍ ចូលរួម ១០% នៃផលិតផលសរុបរបស់ពិភពលោក។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តរតនគិរី បាននិងកំពុងខិតខំ ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ធ្វើយ៉ាងជំរុញមានការអភិវឌ្ឍដល់រមណីយដ្ឋានបន្ថែម ជាពិសេស វិស័យសេវាកម្មក្នុងខេត្ត ត្រូវបានលើកកម្ពស់តាមរយៈការ បណ្តុះបណ្តាលវិជ្ជាជីវៈជំនាញខ្លី ដើម្បីលើកស្ទួយវិស័យ សេវាកម្មខេត្តឱ្យមានភាពល្អប្រសើរ និងការលើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជន ធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តរតនគិរី ម្ដងហើយម្ដងទៀត និងឈានទៅដល់ការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងមូលដ្ឋានប្រកបដោយបរិយាបន្ន។

លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងយុទ្ឋនាការចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» សម្រាប់ក្រុងបានលុង បច្ចុប្បន្ន ទទួលបាននូវជ័យលាភី ផ្ការំដួល២ទង នឹងទៅថ្ងៃអនាគតយើងទាំងអស់គ្នាត្រូវចូលរួមគិតរួមធ្វើ ដោយផ្ដោតទៅលើបរិស្ថាន អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តឱ្យបានល្អប្រសើថែមទៀត ឈានទៅដល់ការប្រឡងប្រណាំងទីក្រុងស្អាត ទទួលបានជ័យលាភី ផ្ការំដួល៣ទង ។

ឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា ឆ្នាំ២០២៣ លើកទី ៤៣ ព្រមទាំងអបអរសាទរទិវាពិភពលោកស្អាតលើកទី៦ លោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក លោកស្រី ក្មួយៗសិស្សានុសិស្ស សមាជិក សមាជិកា ទាំងអស់ក៏បានធ្វើយុទ្ធនាការរើសសំរាមតាមគោលដៅនីមួយៗដែលបានបែងចែក ដើម្បីទីក្រុងស្អាតគ្មានសំរាមផងដែរ៕