(កំពង់ធំ)៖ លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអេជី បានជំរុញសិស្សានុសិស្សខិតខំរៀនសូត្រនៅក្នុងសង្គមទំនើបស៊ីវិល័យ ជាពិសេសនៅក្នុងបរិបទនៃបដិវត្តកម្មឌីជីថល ៤.០។

លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានថ្លែងក្នុងបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់វិញ្ញាបនបត្របញ្ចាក់ការសិក្សាគ្រប់កម្រិតប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២២-២០២៣ សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។

លោកស្រី លឹម គន្ធា នាយិកាសាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ បានធ្វើរបាយការណ៍ថា សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ មានបុគ្គលិកបម្រើការងារក្នុងសាលាសរុបចំនួន ៦៣នាក់ស្រី៣៣នាក់ សស្សិសរុបចំនួន ៨៤៥នាក់ ស្រី ៤២៣នាក់។

ចំណែកឯការសិក្សាឆ្នាំ ២០២២-២០២៣ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចំនួន២៣នាក់ ស្រី១៣នាក់ ប្រឡង ជាប់ជាស្ថាពរចំនួន២៣នាក់ស្មើរនឹង១០០ភាគរយ ក្នុងនោះមានសិស្សជាប់ និទ្ទេសល្អចំនួន០៩នាក់ ស្រី០៤នាក់ ល្អបង្គួរចំនួន០៦នាក់ ស្រី០៣នាក់ មធ្យម០៨នាក់ ស្រី០៣នាក់។

លោកស្រីបន្តថាសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិតទាំងកម្មវិធីសិក្សា ចំណេះទូទៅ ភាសាខ្មែរ កម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅក្នុងឆ្នាំសិក្សា២០២២-២០៣ រុបចំនួន ១១៩នាក់ ដែលក្នុងនោះសិស្សកម្មវិធីសិក្សាជាតិដែលបានបញ្ចប់កម្រិតមត្តេយ្យសិក្សា កម្រិតខ្ពស់ត្រូវឡើង ថ្នាក់ទី១ ចំនួន៤៣នាក់ កម្រិតបឋមសិក្សាថ្នាក់ទី៦ ឡើងទី៧ចំនួន៣៥នាក់ សិស្សប្រឡងជាប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ជាស្ថាពរចំនួន២៣នាក់ ស្មើរនឹង១០០% កម្មធីសិក្សាអន្តរជាតិថ្នាក់ SC(k2) ដែលបានបញ្ចប់ការសិក្ស សរុបចំនួន ១៨ នាក់ និងសិស្សពូកែចំណាត់ថ្នាក់លេខ១-៣ ប្រចាំឆ្នាំ ទាំងបីកម្មវិធីសិក្សាមានចំនួន ៦១នាក់ផងដែរ។

លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានលើកឡើងថា គោលនយោបាយ ឬប្រព័ន្ធបណ្តុះបណ្តាលដែលផ្តល់ជូន អ្នកសិក្សានូវវិជ្ជាសម្បា បំណិនសម្បទា ចរិយាសម្បទា និងសំដៅផលិតធនធានមនុស្ស ឬទំពាំងស្នង ឬស្សីឲ្យក្លាយ ទៅជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» នៅក្នុងសង្គមទំនើបស៊ីវិល័យ ជាពិសេសនៅក្នុងបរិបទនៃបដិវត្តកម្មឌីជីថល 4.0។

លោកឧកញ៉ាវេជ្ជបណ្ឌិត បន្តថា ដើម្បីសម្រេចគោលដៅខាងលើ ត្រូវមានភាគីពាក់ព័ន្ធចំនួន ៤រួមមាន៖

១៖ រាជរដ្ឋាភិបាល មានគោលនយោបាយដឹកនាំ និងគ្រប់គ្រងត្រឹមត្រូវ ជាពិសេសធ្វើឲ្យប្រទេសមានសុខសន្តិភាព ពេញលេញ និងការអភិវឌ្ឍន៍គ្រប់ផ្នែកគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលមានក្រសួងអប់រំ យុវជននិងកីឡា។
២៖ កត្តាសាលារៀន មានហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវ័ន្តទំនើបសម្បូរបែប និងមានគោលនយោបាយ៣ គឺ គ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ។
៣៖ កត្តាគេហដ្ឋាន ឪពុកម្ដាយ អ្នកអាណាព្យាបាលសិស្សបាន វិនិយោគត្រឹមត្រូវលើការបញ្ចូនបុត្រ ធីតារបស់ខ្លួនទៅ រៀនសូត្រនៅសាលារៀន ដែលមានកេរ្តិ៍ឈ្មោះ និងមានកម្មវិធីអប់រំបណ្តុះបណ្ដាលល្អនិងសហការតាមត្រួតពិនិត្យដានការសិក្សា របស់កូនរបស់ខ្លួនជាប្រចាំ។ រីឯសាម៉ីខ្លួនអ្នកសិក្សាផ្ទាល់ ត្រូវខិតខំប្រឹងប្រែង រៀនសូត្រ ដោយឈរលើមូលដ្ឋានគោរពខ្ជាប់ខ្ជួននូវ វិន័យ សីលធម៌ និងគុណភាព ព្រមទាំងការចូលរួមដែលមិនអាចខ្វះបានពីសហគមន៍ ដែលគ្រួសារនីមួយៗ តាំងនៅ។
៤៖ កត្តាសហប្រតិបត្តិការអន្តរជាតិ៖ យើងខ្ញុំបន្តពង្រីក ពង្រឹង និងសហប្រតិបត្តិការទាំងក្របខណ្ឌជាតិ តំបន់ និងសកលលោកទាំងមូល សំដៅផលិតធនធានមនុស្សជំនាន់ថ្មីរបស់យើងឲ្យក្លាយជាពលរដ្ឋ ឌីជីថល ស្របតាមគោល នយោបាយរដ្ឋាភិបាលឌីជីថល ចាប់ពីពេលនេះតទៅ។

ចុងក្រោយលោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានកោតសសើរចំពោះគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក គាំទ្រគ្រប់ផ្នែកទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តខិតខំ បំពេញការងារតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ៕