(ភ្នំពេញ)៖ សមាគមថ្មក្រានីតកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យបញ្ចុះអត្រាអាករ នាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញក្នុងគោលដៅជួយសម្រាលបន្ទុក ដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរនៅលើទីផ្សារអន្តរជាតិ។

យោងតាមលិខិតថ្លែងអំណរគុណ របស់សមាគមថ្មក្រានីតកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «ក្នុងនាមថ្នាក់ដឹកនាំ សមាគមថ្មក្រានីតកម្ពុជា បណ្តាក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មក្នុងវិស័យថ្មអារ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា
ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខអ្នកវិនិយោគធ្វើអាជីវកម្មក្នុងវិស័យថ្មអារ ដោយអនុញ្ញាតឱ្យបញ្ចុះអត្រាអាករ នាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុន នាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរនៅលើទីផ្សារអន្តរជាតិ»

ចំពោះការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខាងលើនេះនឹងជំរុញការធ្វើអាជីវកម្មថ្មអារ ឲ្យមានការរីកចម្រើនឡើងថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់នូវកិត្យានុភាពថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ និងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ក្នុងនាមសមាគមថ្មក្រានីតកម្ពុជា សូមប្ដេជ្ញាចិត្តចូលរួមជំរុញ និងកៀរគរអ្នកវិនិយោគជាតិ និងអន្តរជាតិ ឲ្យចូលមកវិនិយោគធ្វើអាជីវកម្ម ក្នុងវិស័យថ្មអារនេះឲ្យបានច្រើនថែមទៀត។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីមួយ ដោយអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុក ដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ៕