(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូអញ្ជើញចូលរួមសន្និសីទមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី១៣ (IPACC XIII) ក្រោមប្រធានបទ «រួមគ្នាដើម្បីសន្តិភាព និរន្តរភាពសន្តិភាព និងស្ថិរភាពក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក Together for Peace: Sustaining Peace and Stability in the Indo-Pacific Region» នៅរដ្ឋធានីញូដេលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលសន្និសីទនេះ សហការរៀបចំឡើងដោយ កងទ័ពជើងគោក សហរដ្ឋអាមេរិក និងកងទ័ពជើងគោក សាធារណរដ្ឋឥណ្ឌា។

នៅក្នុងកិច្ចពិភាក្សាតុមូល ដែលមានការចូលរួមពីមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក ចំនួន៣០ប្រទេស ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានផ្តោតទៅលើ ១៖ការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក, ២៖ តួនាទីនៃការទូតយោធាក្នុងការកាត់បន្ថយវិបត្តិ, ៣៖ ភាពចាំបាច់ នៃការពឹងផ្អែកលើខ្លួនឯងសម្រាប់ទំនើបកម្មកងទ័ព, ៤៖ តួនាទីរបស់កងទ័ពជើងគោកក្នុងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ជាលទ្ធផល មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក ចំនួន៣០ប្រទេស ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានឯកភាពលើចក្ខុវិស័យរួម សម្រាប់កិច្ចសហប្រតិបត្តិការយោធា ដូចជា ១៖ ពង្រឹងស្មារតីនៃការទទួលខុសត្រូវរួម, ២៖ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក, ៣៖ បង្កើនការយកចិត្តទុកដាក់ ចំពោះតំបន់ ឬសហគមន៍ ដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងវិធីសាស្រ្តរួមក្នុងការផ្តល់ជំនួយ សង្គ្រោះគ្រោះមហន្តរាយ, ៤៖ អនុវត្តគំនិតផ្តួចផ្តើមការទូតយោធា តាមរយៈបង្កើនការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត និង៥៖ ពង្រឹងសារៈសំខាន់នៃកិច្ចសន្ទនា ដោយរក្សានិរន្តរភាព និងបើកចំហ ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលជះឥទ្ធិពលដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងឱកាស នៃការចូលរួមក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (MANOJ PANDE) មេបញ្ជាការកងទ័ពជើងគោក ឥណ្ឌា, នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន, លោកឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (ROY GALIDO) មេបញ្ជាការកងទ័ពជើងគោក ហ្វីលីពីន, លោកឧត្តមសេនីយ៍ត្រី តាន់ ឆេងឃ្វី (TAN CHENG KWEE) នាយសេនាធិការកងទ័ពជើងគោកសិង្ហបុរី និង លោកវរសេនីយ៍ឯក ដូមីងហ្គូ ដាកូស្តា សូរេស (DOMINGOS DA COSTA SOARES) មេបញ្ជាការ កងទ័ពជើងគោកទីម័រឡេស្តេ។

ក្នុងជំនួបទ្វេភាគីនីមួយៗ សមភាគីទាំងអស់បានពិភាក្សា និងឯកភាពជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការ លើគ្រប់យន្តការដែលមានស្រាប់ និងទិសដៅផ្ដោតលើកិច្ចការអាទិភាពមួយចំនួន រួមមាន៖ ១៖ ការផ្លាស់ប្ដូរទស្សនកិច្ច ឬទស្សនកិច្ចសិក្សានាយទាហានគ្រប់កម្រិត, ២៖ ការហ្វឹកហ្វឺន, ៣៖ ការធ្វើលំហាត់ រួមគ្នាក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ, ៤៖ ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ និង៥៖ កិច្ចសហប្រតិបត្តិការលើវស័យសកម្មភាពមីន ក្នុងកិច្ចការមនុស្សធម៌។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជួបសំណេះសំណាលក្រៅផ្លូវការ ជាមួយបណ្តាមេបញ្ជាការកងទ័ពជើងគោក និងនិងតំណាងមេបញ្ជាការកងទ័ពជើងគោក ប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបានថ្លែងអំណរគុណ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក និងមេបញ្ជាការកងទ័ពជើងគោក សាធារណរដ្ឋឥណ្ឌា ដែលបានអញ្ជើញប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមសន្និសីទមេបញ្ជាការ កងទ័ពជើងគោក នៃបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី១៣ (IPACC XIII) ព្រមទាំងបានកោតសរសើរដល់កងទ័ពជើងគោកសហរដ្ឋអាមេរិក និងកងទ័ពជើងគោក សាធារណរដ្ឋឥណ្ឌា ក្នុងការរៀបចំ ដំណើរការសន្និសីទនេះប្រកបដោយជោគជ័យ៕