(ភ្នំពេញ)៖ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បញ្ជាក់ថា លោកស្រីនឹងចូលរួមចំណែកក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអះអាងថា ការចូលរួមចំណែកនេះនឹងធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា។

ការបញ្ជាក់បែបនេះរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត នៅទីស្តីការក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងបានលើកឡើងពីទិសដៅអាទិភាព ដែលក្រសួងបានកំពុងដាក់ចេញ គឺសំដៅឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់សំណល់ប្លាស្ទិក ដែលសំណល់ទាំងនោះ បាន បំភាយសារធាតុគីមីពុលចូលទៅក្នុងបរិយាកាសមានទឹក ដី ខ្យល់។ ហើយជាយុទ្ធសាស្រ្តបន្ត គឺការផ្លាស់ប្តូរទំលាប់ប្រជាពលរដ្ឋឱ្យរៀបចំទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ ហើយទន្ទឹមនឹងការផ្លាស់ប្តូរទាំងនោះ ក្រសួងនឹងមានការលើកទឹកចិត្តទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទីក្រុងស្អាត និងប្រទេសកម្ពុជាទាំងមូលមានសោភ័ណភាពល្អ គ្មានសំណល់ប្លាស្ទិក។

បន្ទាប់ពីបានទទួលស្តាប់នូវការថ្លែងឡើងរបស់លោករដ្ឋមន្រ្តីអំពី ទិសដៅអាទិភាព ដែលក្រសួងបរិស្ថានបានដាក់ចេញរួចមក លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោកស្រីបានសន្យាថា នឹងផ្តល់ថវិកាគាំទ្រ ចូលរួមជាចំណែកក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងបន្តរឹតចំណងការទូតកម្ពុជា ឥណ្ឌាឱ្យកាន់តែរឹងមាំថែមទៀត៕