(សៀមរាប)៖ អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា (New Hope Cambodia) និងសាលា AITC ក្រុមហ៊ុន Protect និងក្រុមហ៊ុន MEGT មកពីប្រទេសអូស្ត្រាលី បានសាងសង់ផ្ទះ១ខ្នងទៀត និងប្រគល់ជូនប្រជាពលរដ្ឋ១គ្រួសារដែលមានជីវភាពខ្វះខាតឈ្មោះ ពេក សឿម ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍធម្មជាតិរុនតាឯកនេះ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងពិធីប្រគល់ផ្ទះខាងលើនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាលអង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជា បានលើកឡើងថា អ៊ុំស្រី ពេក សឿម គឺជាស្រ្ដីមេម៉ាយប្ដីស្លាប់ ដែលមានជីវភាពក្រខ្សត់ និងមានកូនព្រមទាំងចៅក្នុងបន្ទុក។ អ៊ុំស្រីបានចាប់អាជីពជាអ្នកត្បាញកន្ទេល កន្ត្រក ជាល ដែលធ្វើពីវល្លិល្ពាក់ សម្រាប់ចិញ្ចឹមគ្រួសារនិងការសិក្សារបស់កូន។

ដោយមើលឃើញពីទុក្ខលំបាកគ្រប់បែបយ៉ាងរបស់គ្រួសារអ៊ុំស្រី ពេក សឿម តាមរយៈការសម្របសម្រួលរបស់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា (New Hope Cambodia) និងសាលា AITC ដែលមានម្ចាស់ជំនួយជាអ្នកគាំទ្រ និងឧបត្ថម្ភដោយក្រុមហ៊ុន Protect តំណាងដោយលោក Adrian និងក្រុមហ៊ុនMEGT តំណាងដោយអ្នកស្រី Tracey។

ផ្ទះនេះត្រូវបានសាងសង់ឡើងតាមរចនាបទផ្ទះខ្មែរ ធ្វើអំពីឈើ (ប្រើប្រភេទឈើមិនជ្រាបទឹក) ប្រក់ស័ង្កសី និងអ៊ីសូឡង់ (សម្ភារៈការពារកម្តៅថ្ងៃ) មានទទឹង៥ម៉ែត្រ គុណនឹងបណ្តោយ៨ម៉ែត្រ ដោយមានបំពាក់បន្ថែមនូវប្រព័ន្ធភ្លើង ស៊ីទែនទឹក ប្រព័ន្ធទឹក និងបន្ទប់ទឹក១ ព្រមទាំងផ្តល់ជូននូវសម្ភារៈផ្ទះបាយ សម្ភារៈក្នុងបន្ទប់គេង និងគ្រឿងសម្ភារបរិក្ខារមួយចំនួនទៀតផងដែរ ដើម្បីធានាការរស់នៅប្រចាំថ្ងៃប្រកបដោយភាពសុខដុមរម្យនា ដែលផ្ទះ១ខ្នងនេះបានចំណាយថវិកាជំនួយសរុបអស់ចំនួន៩,៥០០ដុល្លារអាមេរិក។

អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដើម្បីជួយលើកកម្ពស់វិស័យអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយឧបត្ថម្ភផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ និងកុមារក្រីក្រ ដែលមានមូលដ្ឋាននៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងសាងសង់ផ្ទះនេះ គឺជាគម្រោងសាងសង់ផ្ទះលើកទី៣៧ របស់អង្គការ ហើយអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជាមានគម្រោងសាងសង់ផ្ទះចន្លោះពី២ទៅ៥ខ្នងក្នុងមួយឆ្នាំជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅក្នុងខេត្តសៀមរាប។

លោក សូត្រ សួរ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន និងសូមអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានទាំងអស់ផងដែរ ដែលបានជួយសម្របសម្រួល ផ្តល់ដីសាងសង់ផ្ទះ និងអាស្រ័យផល ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ពន្ធ (ផ្លូវ ប្រព័ន្ធទឹកស្អាត ផ្សារ សាលារៀន មន្ទីរពេទ្យជាដើម ហើយបានជួយធ្វើឱ្យគម្រោងនេះសម្រេចបានដោយជោគជ័យជាស្ថាពរ។

លោកក៏បានអរគុណចំពោះក្រុមហ៊ុន Protect តំណាងដោយលោក Adrian  និងក្រុមហ៊ុន MEGT តំណាងដោយអ្នកស្រី Tracey ក្រុមការងារសាលា AITC ដែលបានសហការក្នុងរយៈពេល១០ឆ្នាំកន្លងមក និងសហការភាពជាដៃគួរបន្តបន្ថែមទៀតរយៈពេល១០ឆ្នាំ និងអរគុណក្រុមហ៊ុន វីធីស៊ី គ្រុប ម្ចាស់ជំនួយដទៃទៀតនៅទ្វីបអឺរ៉ុប ដែលបានផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជាជារៀងរាល់ខែដល់អង្គការ៕