(ភ្នំពេញ)៖ មន្រ្តីបម្រើការងារនៅរដ្ឋសភាម្នាក់ ត្រូវចោរចូលទៅគាស់ផ្ទះ យកអស់កាំភ្លើងខ្លីមួយដើម គ្រាប់កាំភ្លើង គ្រឿងអលង្ការ និងទ្រព្យសម្បត្តិមួយចំនួន ស្ថិតនៅចំណុចផ្ទះលេខ៥៩C ផ្លូវបេតុង ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប៉ុន្តែជនសង្ស័យត្រូវបានចាប់ខ្លួនផងដែរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ម៉ៅ សឿត អធិការរងទទួលផែនយុត្តិធម៌ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ហាន់ សាលីម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្រ្តីរដ្ឋសភាជាតិ។ ដោយឡែកជនសង្ស័យឃាត់ខ្លួនឈ្មោះ យូ ចិត្រា អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
លោកបានបន្តថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ម៉ោង០៨៖៣០នាទី ជនរងគ្រោះបានចាក់សោទ្វារផ្ទះត្រឹម ត្រូវ (ផ្ទះកើតហេតុ) រួចចេញទៅធ្វើការ។
រហូតដល់ម៉ោង១០៖៣០នាទី ថ្ងៃដដែល ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពគាស់បង្អួចកញ្ចក់ផ្ទះ ជនរងគ្រោះលួចយកទ្រព្យសម្បត្តិ រួមមាន៖ អាវុធខ្លី១ដើម ម៉ាកប៉ារ៉ាបូលីម, បង់អាវុធខ្លី១, គ្រាប់អាវុធខ្លី១១គ្រាប់, កាបូបដៃ៥, ខ្សែក កាឡៃមានដាំត្បូង៣ខ្សែ, នាឡិកាដៃ ៤គ្រឿង (១គ្រឿង ខ្សែដែក,៣គ្រឿង ខ្សែធ្វើពីស្បែក), កាមេរ៉ា ១គ្រឿង និងខ្សែកាសទូរស័ព្ទ១ ចេញមកខាងក្រៅ ពេលនោះក៏មានអ្នក ជិតខាងឃើញរាយការណ៍ប្រាប់ សមត្ថកិច្ចខណ្ឌច្បារអំពៅ ចុះមកដល់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងយកមកទីស្នាក់ការប៉ុស្តិ៍និរោធ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី៕