(កោះកុង)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានសម្តែងការអបអរសាទរចំពោះជនជាតិដើមភាគតិចជង នៅតំបន់អារ៉ែង ដែលប្រារព្ធពិធីគម្រប់ខួបការបង្កើតសហគមន៍អេកូទេសចរណ៍។

ការសម្តែងការអបអរសាទរបែបនេះរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីអបអរសាទរគម្រប់ខួប នៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិច ជង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានការចូលរួមពីលោក ផេង ផល អភិបាលរងនៃស្រុកថ្មបាំង អាជ្ញាធរភូមិឃុំ និងសមាជិកសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង និងជាពិសេសជនជាតិដើមភាគតិចជង ព្រមទាំងមានអ្នកចូលរួមជាង៤០០នាក់។

គោលបំណងនៃការប្រារព្ធពិធីនេះ ដើម្បីផ្សព្វផ្សាយ និងរក្សានូវអត្តសញ្ញាណដើម និងកេរ្តិ៍ដំណែលរបស់សហគមន៍ជនជាតិដើមភាគតិចជង ដើម្បីផ្សារភ្ជាប់អត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិចជង រួមជាមួយសកម្មភាព ទេសចរណ៍របស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងតំបន់អារ៉ែង ដែលចូលរួមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងឃុំទាំង៣។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមប្រារព្ធអបអរដល់សហគមន៍ជង និងបានលើកឡើងពីសារៈសំខាន់ នៃការចូលរួមការពារព្រៃឈើរបស់បងប្អូនជនជាតិដើមភាគតិចជង។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានបន្តថា៖ «តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយនឹងក្រសួងបរិស្ថាន បានជួយដល់ប្រជាពលរដ្ឋចំនួន ១១៨គ្រួសារ ដែលជាជនជាតិដើមភាគតិចជង រស់នៅតំបន់ឆាយអារ៉ែង ក្នុងនោះប្រជាពលរដ្ឋមកពីភូមិច្រកឬស្សីនៃឃុំជំនាប់ចំនួន ៥៧គ្រួសារ និងចំនួន ៦១គ្រួសារទៀតមកពីភូមិកោះ និងភូមិព្រែកស្វាយនៃឃុំថ្មដូនពៅ»

លោក សុខ សុទ្ធី ក៏បានលើកឡើងថា សហគមន៍ជនជាតិដើមភាគតិច ជង បានរស់នៅទីនេះជាច្រើនទសវត្សរ៍មកហើយ ដែលអាចចាត់ ទុកបានថាជាអ្នកការពារព្រៃឈើយ៉ាងសំខាន់ក្នុងតំបន់នេះ។ លោកក៏បានបន្តលើកឡើងពីផែនការរបស់អាជ្ញាធរខេត្តកោះកុង ក្នុងការចាប់ផ្តើមធ្វើការចុះបញ្ជីដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងតំបន់នេះ យ៉ាងយូរបំផុតត្រឹមខែមករា ឆ្នាំ២០២៤ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។

ការប្រារព្ធពិធីនេះក៏បានដាក់បញ្ចូលផងដែរពីការសម្តែងបែបប្រពៃណីជាមួយនឹងការលេងឧបករណ៍ភ្លេងព្លយ ដោយកញ្ញា ទិត្យ នីន និងមានការចូលរួមពីលោក វិចិត្រ រាជ តារាចម្រៀងខេត្តកោះកុងដ៏ល្បីឈ្មោះ បានច្រៀងចម្រៀងមនោសញ្ចេតនាជូនដល់បងប្អូនស្តាប់កម្សាន្តផងដែរ៕