(បាត់ដំបង)៖​ បន្ទាប់ពីមានភ្លៀងធ្លាក់ ៣ថ្ងៃជាប់ៗគ្នា បានធ្វើឱ្យទឹកស្ទឹងសង្កែ នៅខេត្តបាត់ដំបង កើនឡើង​ក្នុងកម្រិតខ្ពស់ តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យ និងតាមដានលើស្ថានភាពទឹកជាក់ស្តែង។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦-២៨ ខែ កញ្ញា ឆ្នាំ២០២៣ នៅក្នុងខេត្តបាត់ដំបង ស្ថានភាពទឹកស្ទឹងសង្កែ មានកម្ពស់ទឹកបានកើនឡើង​ ក្នុងកម្រិតមួយគឺ ១៣.៩៤ម៉ែត្រ ស្ថិតនៅក្នុងការតាមដាននៅឡើយ បើមេឃនៅភ្លៀងថ្ងៃបន្តទៀតបើកើនឡើងដល់ ១៤.៥០ម៉ែត្រ ទើបត្រូវបានធ្វើការប្រកាសអាសន្ន។

តែទោះជាជាយ៉ាងណា លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងសង្កែ និងតំបន់មួយចំនួនសូមមានការប្រុងប្រយ័ត្នខ្ពស់ មានការធ្វេសប្រហែសឡើយ ចៀសវាងមានការគ្រោះថ្នាក់ ចៃដន្យដោយប្រការណាមួយ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរក្រុង-ស្រុក-ឃុំ-សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងសង្កែ សូមបង្កើនការយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕