(ភ្នំពេញ)៖ តាមរយៈសារសំឡេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារតែថ្មីៗនេះ មានការវាយប្រហារដោយទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួន សម្តេចក៏បានណែនាំដល់បណ្តាអភិបាលខេត្តពាក់ព័ន្ធ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «នៅក្នុងដំណាក់កាលនេះគឺត្រូវត្រៀមកម្លាំង ដើម្បីធ្វើយ៉ាងសង្គ្រោះដល់ប្រជាពលរដ្ឋរបស់យើង ក្នុងករណីដែលមាន ទឹកជំនន់ប៉ះពាល់ដល់បណ្តារាជធានី-ខេត្ត»

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំដល់ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់នូវបញ្ហាទឹកជំនន់នេះ ហើយត្រូវសហការជាមួយបណ្តាអភិបាលរាជធានី-ខេត្ត ត្រៀមមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីដែលបណ្តារាជធានី-ខេត្តត្រូវការ។

សម្តេចក៏បានបញ្ជាឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាស ត្រៀមលក្ខណៈ មធ្យោបាយ កម្លាំង និងសម្ភារៈចាំបាច់ ក្នុងការអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ដោយទឹកជំនន់នេះផងដែរ។

សម្តេចក៏បានណែនាំដល់ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រៀមនូវស្បៀង និងសម្ភារបរិក្ខាចាំបាច់​ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីដែលមានការស្នើសុំពី រាជធានី-ខេត្ត។

បន្ថែមពីនេះទៀត សម្តេចក៏បានណែនាំដល់ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈផ្សេងៗ ក្នុងករណីដែលមានផលប៉ះពាល់ធំ ហើយត្រូវការស្តារវិស័យកសិកម្មឡើងវិញ ដែលមានដូចជាស្រូវ និងដំណាំផ្សេងៗ ក្នុងករណីដែលមានហេតុការណ៍កើតឡើងដូចបទពិសោធន៍ដែលកម្ពុជាជួបប្រទះកន្លងមក។ សម្តេចបានស្នើឱ្យភាគីទាំងអស់ ដែលសម្តេចបានណែនាំនេះ យកចិត្តទុកដាក់ និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ៕

សូមស្តាប់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត៖ https://t.me/freshnewsasia/155166