(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមរបស់កាកបាទក្រហមកម្ពុជា គឺបានបង្ហាញអំពីការរួមកំលាំងសាមគ្គីភាព សហប្រតិបត្ដិការ រវាងស្ថាប័នមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល។

បន្ថែមពីនេះលោករដ្ឋមន្ត្រី បានសូមសម្ដែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវក្ដីសន្ដោសជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវផលលំបាកដោយគ្មានភាពរើសអើង។

លោក អ៊ាង សុផល្លែត ក៏បានសូមសម្ដែងនូវការគោរព និងដឹងគុណជូនចំពោះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ វត្តមានរបស់កាកបាទក្រហមកម្ពុជា ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបានក្នុងការធ្វើឲ្យយុទ្ធនាការនេះកាន់តែផុសផុល។

យុទ្ធនាការ ០១ កញ្ញា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺសំដៅដល់ការធ្វើឱ្យបរិស្ថានកម្ពុជា មានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក ដែលអាចនាំទៅដល់ការប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវប្រាជ្ញារបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់រាប់ជំនាន់ទៅ ព្រោះថាកាលបើសិស្សានុសិស្សឈប់ប្រើថង់ប្លាស្ទិកហើយ ក្រុមគ្រួសារ និងសហគមន៍គាត់នឹងមិនប្រើថង់ប្លាស្ទិកដូចគ្នា ទំលាប់នេះនឹងបន្តរីកសាយតជំនាន់ទៅ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋគ្រប់រូបមេត្តាចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីបរិស្ថានជាតិ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕