(កែប)៖ លោកឧត្តមសេនីយ៍ត្រី អ៉ីង សំអុល ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំការផ្សព្វផ្សាយ អនុសាសន៍ណែនាំជាច្រើន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងនគរបាល ខេត្ត ក្រុង-ស្រុក ប៉ុស្តិ៍រដ្ឋបាល ចំនួន២៥៥នាក់ នៅសាលាខេត្តកែប ព្រមទាំងបានអំពាវនាវឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឱ្យបានគ្រប់គ្នា។
ការផ្សព្វផ្សាយនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកែប កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយបានផ្ដល់អនុសាសន៍ ជាច្រើនដើម្បីឱ្យមន្រ្តីរាជការ និងកងកម្លាំងខាងលើយកទៅផ្សព្វផ្សាយបន្ត។
ក្នុងឱកាសនោះ លោកស្នងការ អ៉ីង សំអុល បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ដែលបានចូលរួម សហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការការពារសន្តិសុខ ជូនសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចនៅខេត្តកែប កាលពីពេលកន្លងទៅ ប្រកបដោយសុវត្ថិភាព មានរបៀបរៀបរយល្អ។
លោកស្នងការក៏បានបញ្ជាក់លម្អិតនូវអនុសាសន៍ទាំងអស់ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យអ្នកចូលរួមគ្រប់គ្នាបានជ្រួតជ្រាប ពីគោលដៅនានា និងយកទៅធ្វើជាត្រីវិស័យតម្រង់ទិសការងារ ឱ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត។
ចំពោះទិសដៅបន្ត លោកស្នងការនគរបាលខេត្តកែប បានណែនាំឱ្យថ្នាក់ដឹកនាំបន្តពង្រឹងសមត្ថភាព ពង្រឹងកងកម្លាំងគ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បីជំរុញអនុវត្ត ផែនការស្តីពីភូមិ ឃុំមានសុវត្ថិភាព ឱ្យបានកាន់តែល្អប្រសើរ និងត្រូវត្រៀមលក្ខណៈសម្បត្តិ ការពារការិយាល័យ ចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ០១ ខែសីហា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខដើម្បីធានា ភាពសេរី យុត្តិធម៌ តម្លាភាព គ្មានអំពើហឹង្សា។ លោកក៏បានអំពាវនាវឱ្យមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ត្រូវតែទៅ ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឱ្យបានគ្រប់គ្នា៕