(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ តាមរយៈលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ការថ្លែងអំណរគុណរបស់សម្តេចធិបតី បានធ្វើឡើងក្នុងជំនួបទ្វេភាគី ពេលលោក សេដ្ឋា ថាវីស៊ីន ទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះវិស័យការងារ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ»។

លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានសង្កត់ធ្ងន់ថា ពលករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់៕