(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានប្តេជ្ញាសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន​។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគី នៅវិមានសន្តិភាព អំឡុងពេលដែល លោក សេដ្ឋា ថាវីស៊ីន បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសក្រសួងការបរទេស ស្តីពីលទ្ធផលជំនួបមេដឹកនាំទាំងពីរ បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិងចែករំលែកព័ត៌មាន សហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លង និងព័ត៌មានក្លែងក្លាយ ព្រមទាំងជួយគ្នាទៅវិញទៅ មកក្នុងការសង្គ្រោះពេលមានគ្រោះមហន្តរាយធម្មជាតិ។

នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តសកម្មភាពដោះមីន នៅតាមព្រំដែន សំដៅពង្រឹងវិធានការសុវត្ថិភាព ដើម្បីការពារប្រជាពលរដ្ឋ និងសន្តិសុខជាតិ។

តបតាមសំណើរបស់សម្ដេចធិបតី លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងពិចារណា ដោយយកចិត្តទុកបំផុតចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការនិងស្នាក់នៅ ក្នុងភាគខាងត្បូងនៃប្រទេសថៃ។

បន្ទាប់ពីកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលនេះ ផ្តល់ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សនូវសេវាគាំពារ និងស្តារនីតិសម្បទា រួមទាំងកន្លែង ស្នាក់នៅបណ្ដោះអាសន្ន ម្ហូបអាហារ ការថែទាំសុខភាព ការព្យាបាល ការអប់រំ ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងជំនាញរស់នៅសម្រាប់សុវត្ថិភាព ដោយគ្មានការរើសអើង៕