(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តី បានពិភាក្សាដើម្បីជំរុញបន្ថែមទៀត នូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទី៣ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។

ការពិភាក្សានេះ បានធ្វើឡើង នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោក ថាវីស៊ីន បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃជំនួបនេះ បានឱ្យដឹងថា ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣-២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំង២ និងមកពីប្រទេសទី៣ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។

លោកនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ៕